៥ខែ​ក្នុង​ឆ្នាំ​២០​២០ សា​ខា​ពន្ធ​ដារ​ខេត្ត​កំពង់​ឆ្នាំង ប្រមូល​ពន្ធ​បាន​ជាង​៣ពាន់​លាន​រៀល

  • កំពង់ឆ្នាំង ៖  រយៈ​ពេល​៥ខែក្នុងឆ្នាំ២០២០នេះ ពោល​គិត​ចាប់​ពី​ខែមករាដល់​ខែ​ឧសភា​ សាខាពន្ធដាខេត្តកំពង់ឆ្នាំង ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​គ្រប់​ប្រភេទ​បាន​ប្រមាណ​ជាង ៣.២៧៣លានរៀល ស្មើនឹងជាង ៥១,៣១ភាគរយ នៃផែនការជាង១ម៉ឺន៣ពាន់លានរៀល ។ នេះបើតាម​ការ​បញ្ជាក់​​​រ​បស់​​លោក វង្ស ឌីណា ប្រធាន​សាខាពន្ធ​ដារ​​ខេត្តកំពង់​ឆ្នាំង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។

    លោក វង្ស ឌីណា បញ្ជាក់ទៀតថា ​ចំណូលពន្ធនេះ​មាន​ការ​កើន​ឡើង​រហូត​ដល់​ជាង​៤០៥​លាន​រៀល ស្មើនឹង ៧,៣១ភាគរយ ​បើប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេលដូចគ្នានឹងឆ្នាំ២០១៩ ។ ហើយ​មូល​ហេតុ​ដែល​ជម្រុញ​អោយ​ការ​ប្រមូល​ពន្ធ មាន​ការ​កើន​ឡើង​នេះ​គឺ ដោយ​សារ​បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីកត្តព្វកិច្ចបង់ពន្ធគ្រប់ប្រភេទ ពួកគាត់បាននាំគ្នាចូលមកបង់ពន្ធនៅតាមសាខាពន្ធដារ និង តាម​ធនា​គារ​ដែល​បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដា ។ ក្រៅពីនេះសាខាពន្ធដា ក៏បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូ​​លា​​យ និង​បើក​សិក្ខាសាលាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគិន ស្តីពីកាតព្វកិច្ចបង់ពន្ធ ពួកគាត់​មានការ​យល់ដឹង​កាន់​តែ​ច្បាស់ ចូលមក​បង់ពន្ធមានការកើនឡើងជារៀងរាល់ឆ្នាំ ។

    លោកប្រធាន​សាខាពន្ធ​ដារ​​ខេត្តកំពង់​ឆ្នាំង បានបន្តថា  ដើម្បីធានាបានការប្រមូលពន្ធកាន់តែច្រើនឡើងលើសផែនការ​នោះ គឺបន្ត​អនុវត្តន៍​ពង្រឹង​​ក្រមសីលធម៌ និង កិរិយាមាយាទមន្រ្តីពន្ធដាអោយកាន់តែប្រសើរឡើង បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋានក្នុងការប្រមូលពន្ធ លើអចលនទ្រព្យ បន្តពង្រឹងកម្មវិធីផ្សព្វផ្សាយ និង លើកកម្ពស់វប្បធម៌បង់ពន្ធ កាន់តែប្រសើឡើង ដើម្បីឆ្លើយតបតាមផែនការ។

    គួរបញ្ជាក់ថា ប្រាក់​ពន្ធដែលប្រមូលបានខាងលើរួម​មាន ពន្ធលើប្រាក់បៀវត្ស ពន្ធប្រថាប់ត្រា ពន្ធលើ​រំដោះ​លើ​ប្រាក់​ចំ​ណេ​ញ​​នីតិបុគ្គល ពន្ធ​ផាក​ពិន័យ និង ទោស​បញ្ញត្តិ សារពើ​ពន្ធ ពន្ធអចលនទ្រព្យ ពន្ធអាករលើតម្លៃបន្ថែម ពន្ធអាករ​បំភ្លឺសាធារ​ណៈ អាករ​​ស្នាក់​​នៅ ពន្ធ​ប៉ា​តង់ និង ពន្ធលើ​មធ្យោបាយ​ដឹក​ជញ្ជូន​និងយាន​ជំនិះ​គ្រប់​ប្រភេទ ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង