សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានអញ្ជើញជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៤២គ្រួសារ នៅក្នុងឃុំសំបូរ ឃុំសំរោងទង និងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២០ ។

បន្ទាប់មក សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្រត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះប្រជារាស្ត្រ ជាកូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យយកចិត្ដទុកដាក់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។
ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែដែលបានព្រះរាជទាន ជូនដល់ប្រជារាស្រ្តរងគ្រោះដោយគ្រោះធម្មជាតិទាំងនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ចំនួន ១ផ្ទាំង សាប៊ូ៥ដុំ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកាចំនួន ៨០ម៉ឺនរៀល សម្រាប់ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរចំនួន២១គ្រួសារ និងថវិកា ៤០ម៉ឺនរៀលសម្រាប់ប្រជារាស្រ្តរងគ្រោះស្រាលចំនួន៣២១គ្រួសារ៕










