ក្រចេះ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែង ក្នុងគោលបំណងដើម្បីធានាឱ្យដំណើរការកម្មវិធីនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែងនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងសាងសង់ស្ពានទាំង៧កន្លែង នៃគម្រោង សាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣៤២៤ម៉ែត្រ សរុបទាំងស្ពាន និងផ្លូវមានប្រវែង ៤០៩៤ម៉ែត្រ ។












