លោក កែវ សេងរដ្ឋា ជាបេក្ខជនមកពីខេត្តកំពង់ឆ្នាំង បានទទួលជយលាភីលេខ១ លើស្នាដៃតែងនិពន្ធប្រលោមលោកនៃពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២០។ ពិធីប្រកាសនិងប្រគល់ពានរង្វាន់អក្សរសិល្ប៍ឥន្ទ្រទេវី ឆ្នាំ២០២០ ដល់ជយលាភីប្រលងតែងនិពន្ធប្រលោមលោក និងកំណាព្យរឿង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោក កែវ សេងរដ្ឋា បាននិពន្ធប្រលោមលោករឿង ឧត្តមគតិ ហើយបានដាក់ប្រកួតប្រជែងជាមួយប្រលោមលោករបស់អ្នកនិពន្ធដទៃទៀតដែលមកពីគ្រប់បណ្តារាជធានី ខេត្តនៅទូទាំងប្រទេស ។ ប្រលោមលោករបស់អ្នកនិពន្ធមកពីខេត្តកំពង់ឆ្នាំងរូបនេះ ទទួលបានជយលាភីលេខ១ ខណៈរឿងបណ្ណសរសើរ និងរឿងស្អប់ពុក ទទួលបានជយលាភីលេខ២ និងលេខ៣ ជាស្នាដៃរបស់អ្នកនិពន្ធមកពីខេត្តសៀមរាប ជយលាភីលេខ៤ រឿងម្រែងភ្លើង ជាស្នាដៃរបស់អ្នកនិពន្ធមកពីខេត្តព្រៃវែង និងជយលាភីលេខ៥ រឿងបេះដូងរតនា ជាស្នាដៃរបស់អ្នកនិពន្ធមកពីខេត្តកំពង់ចាម។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ មានបេក្ខជនដាក់ស្នាដៃប្រលងតែងនិពន្ធប្រលោមលោកនិងកំណាព្យរឿងនៃពានរង្វាន់ព្រះនាងឥន្ទ្រទេវី មានចំនួន១៦៦ស្នាដៃ ក្នុងនោះប្រលោមលោកមានចំនួន ១១៨ស្នាដៃ និង កំណាព្យរឿងមានចំនួន ៤៨ស្នាដៃ៕