អា​ជ្ញា​ធរ​ក្រុង​កំពង់​ឆ្នាំង​ ចុះ​បិទ​គ្លី​និក​ឯក​ជន​មួយ​កន្លែង​និង​យក​សំណាក​អ្នក​​ពាក់​ព័ន្ធ​ ក្រោយ​មាន​អ្នក​វិជ្ជ​មាន​កូវីដ​ ១៩ ​​ចូល​ទៅព្យា​បាល​

  • កំពង់ឆ្នាំង ៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក យិន សាវ៉េន ជាអភិបាលក្រុង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចុះបិទគ្លីនិកឯកជនមួយកន្លែង ( មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង ) ដែលមានទីតាំង ស្ថិតនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រោយពីមានអ្នកជំងឺកូវីដ១៩ ធ្លាប់បានចូលទៅព្យាបាលនៅទីនោះ ។

    នៅព្រឹកថ្ងៃដដែលនេះដែរក្រុមគ្រូពេទ្យបាន ចុះទៅយកសំណាកអ្នកដែលពាក់ព័ន្ធ រកមេរោគកូវីដ១៩ និង ដាក់ឲ្យធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

    សូមបញ្ជាក់ថា មានបុរសម្នាក់អាយុ៥៧ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់ ដោយសាជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។

    លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បុរសដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះនូ ចុល អាយុ៥៧ រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    លោកប្រធានមន្ទីរ បន្ថែមថា អ្នកជំងីធ្លាប់បានចូលទៅព្យាបាល នៅមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំងផងដែរ ។ នៅពេលនេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិខេត្តកំពង់ឆ្នាំង កំពុងតែញាប់ដៃញាប់ជើង ចុះទៅកាន់មូលដ្ឋានដែលពាក់ព័ន្ធ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោល ដើម្បីយកសំណាកធ្វើតេស្តនិងដាក់អោយធ្វើចត្តាឡីស័ក ។

    គួរបញ្ជាក់ថា នេះជាករណីលើកដំបូងហើយដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង