រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក និងត្រីឆ្អើរត្រូវ រួសរាន់នៅចន្លោះពី ថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ខាងមុខ ដែលជាអំឡុងពេលដែលទិន្នផលត្រីបានមកពីការនេសាទមានច្រើនលើកទី២ប្រចាំឆ្នាំ។
រដ្ឋបាលជលផល បានសង្កត់ធ្ងន់ថា បន្ទាប់ពីបានតាមដានលើស្ថានភាពទឹក ក្នុងបឹងទន្លេសាប រួចមកឃើញ ថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រី បានច្រើនបន្តទៀត ក្នុងខែបុស្សនេះ ចាប់ពីថ្ងៃ៧កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងនូវឥទ្ធិពលព្យុះ។
រដ្ឋបាលជលផល ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្ក លក្ខណៈ ងាយស្រួល ជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមកស្នាក់នៅនិង ដឹកជញ្ជូនផលិតផលត្រី កុំឱ្យមាន ការរាំងស្ទះផងដែរ៕
អត្ថបទ៖ សីហា