ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាឥស្លាមនៅ កម្ពុជាទាំងអស់ឱ្យថ្វាយបង្គំនៅតាមផ្ទះរៀងៗខ្លួនដោយមិនចាំបាច់មកជួបគ្នាថ្វាយបង្គំនៅវិហារដូចមុនៗទេ ដើម្បីទប់ស្កាត់ការរីករាលដានជំងឺកូវីដ-១៩ ដោយឯកឧត្តមបញ្ជាក់ថា ការថ្វាយបង្គំនៅផ្ទះនេះ មិនខុសច្បាប់សាសនានោះឡើយ។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងផលប៉ះពាល់របស់ជំងឺឆ្លងកូវីដ១៩មកលើសហគមន៍ឥស្លាមនៅកម្ពុជា កាលរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការរើសអើងចំពោះសាសនិកខ្មែរឥស្លាមដែលផ្ទុកវីរុសកូវីដ១៩ ដោយត្រូវចូលរួមលើកទឹកចិត្ត អ្នកទាំងអស់នោះ កុំឲ្យអស់សង្ឃឹម និងដើម្បីអោយឆាប់ជាសះស្បើយឡើងវិញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអះអាងថា ប្រជាពលរដ្ឋខ្មែរចំនួន ៧៩នាក់ ដែលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ត្រូវបានគ្រូពេទ្យពិនិត្យសុខភាពគ្រប់គ្នាអស់ហើយ ដោយក្នុងចំណោម អ្នកទាំង៧៩នាក់នោះ គឺមាន ២៣នាក់បានឆ្លងជំងឺកូវីដ-១៩។ ដោយឡែកសម្រាប់មនុស្សជិត ៣០០នាក់ដែលប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកកូវីដ-១៩ ចំនួន២៣នាក់នេះគឺ ត្រូវបានក្រសួងសុខាភិបាល ធ្វើតេស្តរកអ្នកឆ្លងចំនួន ៥នាក់ទៀត៕