កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះម៉ន គីម អាយុ៦៨ឆ្នាំ រស់នៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានចូលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអាការៈក្អក ហត់ ពិបាកដកដង្ហើម និង ក្តៅខ្លួនខ្លាំងកាលពីវេលាម៉ោង១៤រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយលទ្ធផលតេស្ដរហ័ស រកឃើញវិជ្ជមានជំងឺកូវីដ.១៩ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ អ្នកជំងឺត្រូវបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវីដ-១៩។ ដោយការវិវត្តរបស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីក្រុមគ្រូពេទ្យខិតខំថែទាំសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង៧និង ៥០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកជំងឺឈ្មោះម៉ន គីម បានមរណភាព ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩ និង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែមនិងជំងឺខ្សោយតម្រងនោមប្រចាំកាយរាំរ៉ៃ ដំណាក់កាលចុងក្រោយ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ពេក និង សូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុតជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕










