អគ្គិ​ភ័យ​ឆេះ​ឃ្លាំង​ស្តុក​គ្រឿង​បន្លាស់​រថយន្ត​មួយ​កន្លែង​ នៅ​ខណ្ឌ​ទួល​គោក​ អស់​ទាំង​ស្រុង​

  • ភ្នំពេញ៖ ទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត ភូមិបាយ៉ាប តាមបណ្ដោយផ្លូវ ឧកញ៉ាម៉ុងរិទ្ធី ក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែមិនអាចគ្រប់គ្រងបានទាន់ពេលវេលា ដោយសារតែទីតាំងឃ្លាំងបិទជិត និងមានរបងថ្មព័ន្ធជុំវិញឃ្លាំង។ ក្នុងករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងរាលដាលដល់ទីតាំងផ្សេងទៀតទេ ព្រោះទីតាំងឆេះនៅដាច់ឡែកពីផ្ទះពលរដ្ឋ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតទីតាំងឃ្លាំងដែលឆាបឆេះនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុឃើញមានផ្សែងហ៊ុយចេញពីខាងក្នុងឃ្លាំង ក៏ស្រាប់តែភ្លាមៗនោះអណ្ដាតភ្លើងខ្មួលខ្មាញ់កាន់តែខ្លាំងទៅខ្លាំងទៅ មិនអាចគ្រប់គ្រងបាន។ ពេលនោះពលរដ្ឋក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន រួចអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចេញរថយន្តជួយអន្តរាគមន៍។

    ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលឲ្យឆេះខូចខាតឃ្លាំងជញ្ជាំងថ្មប្រកសង្ហសីទំហំ ១៦ម៉ែត្រគុណ ៣០ម៉ែត្រ រថយន្តម៉ាកកាមរីបាឡែន ១គ្រឿង សម្ភារគ្រឿងបន្លាស់រថយន្ត រួមមាន ប្រេងម៉ាស៊ីនជាដើម ត្រូវបានឆាបឆេះខូចខាតអស់ទាំងស្រុង។ ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តទឹកអន្តរាគមន៍ចំនួន ៣៧គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន៧២រថយន្ត ទើបគ្រប់គ្រងទីតាំងឆេះបាន។ ចំពោះមូលហេតុកម្លាំងជំនាញសន្និដ្ឋានជំហានដំបូង អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ តែទោះជាយ៉ាងណា កម្លាំងជំនាញនឹងបន្តធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដនៅពេលក្រោយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង