កំពង់ឆ្នាំង ៖ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍ ដែលទៅលេងកំសាន្ត នៅតំបន់ធម្មជាតិទឹកធ្លាក់ថ្មក្រាល នោះ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីក្រុងពលីបើកការដ្ឋានជួសជុលផ្លូវ លូ និង កសាងអសនៈសម្រាប់បួងសួងដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខសប្បាយ។
ពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា ដើម្បីធានាឲ្យការធ្វើដំណើរបស់បងប្អូនភ្ញៀវទេសចរណ៍មានភាពងាយស្រួលនិងឆាប់រហ័ស គម្រោងបន្ទាន់របស់មន្ទីរសារធារណការ និង ដឹកជញ្ជូនខេត្ត បានរៀបចំធ្វើការជួសជុលកែលម្អផ្លូវ១ខ្សែ និងដាក់លូបង្ហូទឹកកាត់ទទឹងផ្លូវដែលកន្លងមកផ្លូវនេះជួបកាលំបាកជាខ្លាំង ក្នុងការធ្វើដំណើរទៅមក ពិសេសនៅពេលមានភ្លៀងធ្លាក់ ត្រូវទឹកហូតកាត់ធ្វើឲ្យដាច់ផ្លូវជាញឹកញាប់ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា រមណីយដា្ឋនទេសចរណ៍ទឹកធ្លាក់ថ្មក្រាល គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានភាពទាក់ទាញបំផុត ដែលអ្នកទេសចរណ៍ជាច្រើនមកពីគ្រប់ទិសទីបានមកលេងកំសាន្ត ទោះបីផ្លូវទៅកាន់តំបន់នេះនៅពុំទាន់មានភាពងាយស្រួលយ៉ាងណាក៍ដោយ ។ ដូចនេះដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងកាន់តែច្រើន អាជ្ញាធរមូលដ្ឋាន សហគមទេសចរណ៍ ត្រូវតែរៀបចំឲ្យមានការអភិ
វឌ្ឍន៍បន្ថែមទៀត។ ជាមួយនេះក៏ត្រូវគិតគូចំពោះការផ្តល់សេវាកម្មទេសចរណ៍ និង ការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវឲ្យបានល្អប្រសើរ ។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានអំពាវកុំឲ្យប្រជាពលរដ្ឋ កាប់រុករានទន្រ្ទានយកដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សធនធានធម្មជាតិ ។ ប្រជាពលរដ្ឋត្រូវផ្លាស់ប្តូឥរិយាបទពីការកាប់ឈើដើម្បីជីវីភាព មកប្រើប្រាស់ធនធានធម្មជាតិព្រៃឈើដែលមានស្រាប់ ព្រមទាំងជួយការពារនិងដាំបន្ថែម ពីព្រោះព្រៃឈើជាសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិ ដែលធ្វើឲ្យជីវភាពមានភាពប្រសើរឡើងតាមវិស័យទេសចរណ៍ធម្មជាតិដ៏សម្បូរបែបនេះ ។
សូមបញ្ជាក់ថា តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅក្នុងភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានចម្ងាយ២៨គីឡូម៉ែត្រពីទីរួមស្រុកទឹកផុស និង ប្រមាណជា៥០គីឡូម៉ែត្រ ភាគខាងលិច នៃទីរួមខេត្តកំពង់ឆ្នាំង។ទោះបីផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិមួយនេះ មានការលំបាកដោយអន្លើៗក៏ដោយ ក៏មានអ្នកទៅលេងកម្សាន្តជាហូហែរមិនដាច់ផងដែរ៕