គម្រោងទាំង២ដែលបានទទួលជំនួយឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុននេះ រួមមាន គម្រោងស្តារ ឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រកោះស្វាយ ក្នុងខេត្តកំពង់ចាម និង គម្រោងពង្រឹងសហគមន៍កសិកម្មក្នុង ស្រុកមេមត់ និង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាលើការផ្តល់ជំនួយឥតសំណងដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម គម្រោង នេះនឹងធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាពដោយរំពឹងថានឹង ផ្តល់ផលប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់ សម្រាប់បង្កបង្កើនផលកសិកម្ម ដំណាំស្រូវ ដោយឡែកតាមរយៈស្តារទំនប់ទឹក ដោយប្រើប្រាស់ជាផ្លូវ ក៏បង្កភាពងាយស្រួលសម្រាប់ដឹកជញ្ជួនដំណាំកសិកម្មផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូត បន្តថា គម្រោងពង្រឹងសហគមន៍កសិកម្មក្នុង ស្រុកមេមត់ និង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ គម្រោងនេះក៏ រំពឹងថា មានប្រជាកសិករប្រមាណ ៤៥០ នាក់ដែលជា សមាជិករបស់ សហគមន៍កសិកម្ម នឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អគុណភាព ផលិតផល កសិកម្មរបស់ ពួកគាត់ និងបន្ថែម ខ្សែសង្វាក់តម្លៃឲ្យកាន់តែស៊ីជម្រៅក្នុងអាជីវកម្មរបស់ សហគមន៍កសិកម្ម តាមរយៈការសាងសង់ឃ្លាំង ស្តុក តម្លើងម៉ាស៊ីនសម្ងួតម្រេចនិង ឧបករណ៍កែច្នៃគ្រាប់ ស្វាយចន្ទី ជាដើម។
សូមជម្រាបថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេស ឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ១៩៩១ មករដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ជាង៦០ លានដុល្លារអាមេរិក ដល់អាជ្ញាធរ មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន៦២០គម្រោងនៅទូទាំងប្រទេសកម្ពុជា៕