កាលពីព្រឹកថ្ងៃទី១៩ មីនា ឆ្នាំ២០២០ តារាចម្រៀងល្បីល្បាញអ្នកនាង ខាត់ សុឃីម និងស្វាមី បានរួមគ្នាជាមួយអ្នកតវ៉ាប្រមាណ៣០០នាក់ផ្សេង រួមគ្នាលើកបដាទាមទាអោយតុលាការខេត្តសៀមរាបដោះលែងលោក ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita បន្ទាប់ពីតុលាការខេត្តសៀមរាប បន្តឃុំខ្លួនលោក បណ្ដាលអោយលោក ឌឹម សួនណាត មិនអាចចេញមកដោះស្រាយបំណុលដល់ដៃគូវិនិយោគទាំងឡាយបាន។ អ្នកនាង ខាត់ សុឃីម និងអ្នកតវ៉ា បញ្ជាក់ថា បើគ្មានការដោះលែងអគ្គនាយកក្រុមហ៊ុន Enarita រូបនេះទេ ការបង់ខាតរបស់គ្រួសាររាប់ពាន់គ្រួសារក៏គ្មានដំណោះស្រាយនោះដែរ។
អ្នកនាង ខាត់ សុឃីម និយាយថា លោកឌឹម សួនណាត គឺជាមនុស្សល្អ តែលោកត្រូវបានចោទប្រកាន់ពីបទលក់ដីខ្យល់ និងឆបោក ហើយត្រូវឃុំក្នុងតុលាការខេត្តសៀមរាប ដែលបណ្ដាលអោយអ្នកវិនិយោគគម្រោងជាមួយលោក រាប់ពាន់គ្រួសារគ្មានការសងត្រលប់។ អ្នកនាង ថាលុះត្រាតែលោក ឌឹម សួនណាត ត្រូវបានដោះលែង ទើបក្រុមអ្នកបណ្ដាក់ទុនវិនិយោគទាំងអស់ ទទួលបានយុត្តិធម៌ ក្នុងការទទួលបានប្រាក់វិនិយោគជាមួយក្រុមហ៊ុនកន្លងមក។ អ៊ីចឹងហើយ ទើបអ្នកនាង និង គ្រួសារដែលជាដៃគូវិនិយោគជាមួយលោក ឌឹម សួនណាត សរុបប្រមាណ ៣០០នាក់ ត្រូវរួមគ្នាធ្វើញត្តិសុំអន្តរាគមន៍ពីសម្ដេចនាយករដ្ឋមន្ត្រី និង នាំគ្នាមកតវ៉ានៅមុខតុលាការខេត្តសៀមរាបតែម្ដង ដើម្បីស្នើអោយតុលាការខេត្តសៀមរាប ដោះលែង លោក ឌឹម សួនណាត ដើម្បីកុំអោយលោកបន្តជាប់ឃុំ និងអាចអោយលោកមករកស៊ីដោះស្រាយបំណុលកូនក្រុមទាំងអស់ ដែលបានដាក់ហ៊ុនមុនពេលតុលាការធ្វើការចោទប្រកាន់។
អ្នកនាងថា បើលោក ឌឹម សួនណាត ជាមនុស្សឆបោកដូចការចោទប្រកាន់ ប្រហែលអ្នកនាង និង គ្រួសារដែលវិនិយោគផ្សេងទៀត មិនប្រឹងចំណាយពេលទេ ប៉ុន្តែមកពីអាណិតលោក និងចង់អោយលោកបានចេញមកវិញ ដើម្បីដោះស្រាយប្រាក់ដើម ដែលគ្រួសារទាំងអស់បានបណ្ដាក់ទុនជាមួយ ទើបនាំគ្នាតវ៉ា។
ម្ចាស់ហ្វេសប៊ុក លោក ខេម ណារ៉ា ដែលត្រូវគេស្គាល់ថាជាផលិតករផង និងជាតួសម្ដែងផង បានអះអាងថាក្រោយការតវ៉ាមួយព្រឹក ខាងអយ្យការតុលាការខេត្តសៀមសៀម បានហៅតំណាង៣នាក់អោយចូលចចារដោយខាងតុលាការសន្យាថានឹងជួយរកដំណោះស្រាយ។ យ៉ាងណាមិញលោកថា ក្រុមអ្នកតវ៉ា នឹងនៅតែបន្តតវ៉ា ប្រសិនបើខាងតុលាការនៅតែបន្តឃុំខ្លួនលោក ឌឹម សួនណាត បន្ទាប់ពីការឃុំខ្លួនអស់៨ខែមិនមានដំណោះស្រាយរាប់ខែហើយ៕