សមយុទ្ធនាគមាសឆ្នាំ២០២០ ដែលធ្វើរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី នៅក្នុងស្រុកជុំគិរី ខេត្តកំពត។
![](https://myfmnews.com/wp-content/uploads/2020/01/80588429_2619895218096069_5360007846970785792_o.jpg)
បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២០ នៅតែបន្តផ្តោតសំខាន់លើការប្រឆាំងភេវរកម្ម និងការងារមនុស្សធម៌ ដែលជាឱកាសសម្រាប់កងទ័ពប្រទេសទាំង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដកបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងជួយសង្រ្គោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាព ក៏ដូចជាសម្រាប់ការបំពេញភារកិច្ចការពារជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។
![](https://myfmnews.com/wp-content/uploads/2020/01/54405731_2157957671162777_6124163347328794624_o.jpg)
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា គ្រឿងយុទ្ធភណ្ឌសម្រាប់បម្រើឱ្យសមយុទ្ធនេះ រួមមានឧទ្ធម្ភាចក្រ កាំភ្លើងធំរថក្រោះ រថពាសដែក កាំភ្លើងត្បាល អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម។ សមយុទ្ធនាគមាស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ។
![](https://myfmnews.com/wp-content/uploads/2020/01/55533150_2215946251796494_7525890576521101312_o.jpg)
គួរបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២០ នេះ ជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងលើទឹកដីប្រទេសកម្ពុជា ដោយលើកទី១ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។ ដោយឡែកឆ្នាំសម្រាប់ឆ្នាំ២០២០ សមយុទ្ធនាគមាសនេះ មានកម្លាំងចូលរួមសរុបជាង៣ពាន់នាក់ ដែលក្នុងនោះភាគីចិនមានកងទ័ពចូលរួមសរុប ២៦៥នាក់ ចំណែកភាគីកម្ពុជាមានកម្លាំងចូលរួម២៨៧១នាក់៕
![](https://myfmnews.com/wp-content/uploads/2020/01/55759800_2215947291796390_1299750218660577280_o.jpg)
![](https://myfmnews.com/wp-content/uploads/2020/01/52806631_792005651180445_3860169185187332096_o.jpg)
![](https://myfmnews.com/wp-content/uploads/2020/01/54524681_2215946828463103_6012428312834473984_o.jpg)