កំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បានចុះបិទទីតាំងផលិតស្រានិងលក់ស្រាសចំនួន៩កន្លែងនិងឃាត់ខ្លួនមនុស្ស៥នាក់យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីមានអ្នកស្រុកពុលជាង១០០នាក់នៅក្នុងស្រុកទឹកផុស ។
លោក អៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី២៨និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដាក់បញ្ជាដល់មន្ត្រីនគរបាលជំនាញ ឲ្យសហការជាមួយមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរដែនដី បានចុះស្រាវជ្រាវសើបអង្កេតនិងធ្វើការប្រមូលវត្ថុតាងមួយចំនួន។ ក្នុងនោះមានស្រាសចំនួន៧១កាន មេតំបែរកន្លះគីឡូក្រាម មេកាច់សម្រាប់បិតស្រា៦,៥លីត្រ ស្រាច្រកដបទឹកសុទ្ធចំនួន១៨ដប បំផ្លាញចោលនៅនឹងកន្លែង មេកាច់សម្រាប់បិតស្រាចំនួន២១ខាប់និង១០ធុងស្ពិចត្រូល ។ ក្នុងពេលនោះសមត្ថកិច្ចចម្រុះសម្រេចផ្អាកជាបណ្តោះអាសន្ន ទីតាំងផលិតនិងលក់ស្រាចំនួន៩កន្លែងផងដែរ ។
លោក អៀរ ប៊ុនធឿន បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ចឃាត់ខ្លួនបុរសជាអ្នកបិតស្រាសម្នាក់បុរសអ្នកលក់ចំនួន៤នាក់និងស្ត្រីអ្នកលក់ម្នាក់យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីសង្ស័យពុលស្រាមានមេតាណុល នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជនរងគ្រោះសរុបកើនឡើងដល់ចំនួន១១៥នាក់ ក្នុងនោះមានអ្នកស្លាប់៥នាក់។
លោកជំទាវវេជ្ជបណ្ឌិត បានបន្តថា អ្នកមានអាការ:សង្ស័យពុលស្រាស បានកំពុងទទួលព្យាបាល ហើយបច្ចុប្បន្នអ្នកជំងឺមានការវិវត្តន៍មកស្ថានភាពល្អប្រសើរឡើងវិញហើយ៕