រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនៅទីតាំងចំណុច ផ្លូវប្រសព្វស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វ នឹងមហាវិថី កម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ នាព្រឹកមិញនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញអោយ ក្រុម ហ៊ុន ដែលទទួលសិទ្ធិសាងសង ត្រូវធ្វើយ៉ាងណាធានាអោយបានគុណភាព ខ្ពស់បំផុត រហូតដល់៥០ឆ្នាំឡើងទៅ ពិសេស ការរចនាជណ្តើរឡើងឲ្យមានភាពងាយស្រួល ឡើងចុះទំាងកុមារនិងមនុស្សចាស់ ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានបន្ថែមថា ការស្ថាបនាស្ពានអាកាសថ្មើរជើងនេះ នឹងប្រើប្រាស់ ពេលវេលា រយះពេល៦ខែ ដោយតម្រូវអោយរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ។
គួរបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែង នៅតំបន់ជម្ពូវ័ន្ត ក្នុងខណ្ឌពោធិសែនជ័យ មាន ចំនួន២កន្លែង និងនៅតំបន់ស្តុបនាងគង្ហីង មានចំនួន១កន្លែង ។
រដ្ឋបាលរាជធានីភ្នំពេញក៏គ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង ការអភិវឌ្ឍ ទីក្រុងអោយមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕