សម្តេច​ចៅហ្វា​វាំង គង់ សំអុល កាន់​បិ​ណ្ឌ​នៅវត្តកុលម្ពវ័ន និងវត្តពានី ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់​ឆ្នាំង

  • កំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងព្រះបរមរាជវាំង និង ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ជា​ពុទ្ធ​បរិស័ទដ៏ប្រសើរមួយរូប បានបំពេញសទ្ធាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តកុលម្ពវ័ន (ហៅវត្តតាកុល) និង វត្តពានី ស្ថិតក្នុងឃុំពានី ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង នៅវេលាព្រឹកថ្ងៃ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា គ.ស ២០២០។

    អញ្ជើញចូលរួមបំពេញសទ្ធាជាមួយសម្តេចចៅហ្វាវាំងឧបនាយករដ្ឋមន្ត្រី ក្នុងពិធីបុណ្យកាន់បិនាឱកាសនោះ រួមមានឯកឧត្តមគុយ សុផល ឧត្តម​​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តមឈា ហន រដ្ឋមន្ត្រីអម​ក្រសួង​ព្រះបរមរាជវាំង ឯកឧត្តមសាយ បូរិន សមាជិកព្រឹទ្ធសភា ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍​និងជាអគ្គលេខាធិការនៃ​គណៈកម្មា​ធិ​ការ​​ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ឯកឧហ៊ី វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិ​ចិ​ត្រសិល្បៈ ឯកឧត្តមយ៉ី ធន់ ឯកឧត្តមជ័យ ចាប ឯកឧត្តមប៉ែន សំបូរ ទីប្រឹក្សាសម្តេចចៅហ្វាវាំងគង់ សំអុល ព្រមទាំងមន្ត្រីរាជការ​ក្រសូង​ព្រះបរមរាជវាំងជាច្រើនរូបទៀត។

    ក្នុងឱកាសនោះ មានការទទួលស្វាគមន៍ចំពោះវត្តមានសម្តេចចៅហ្វាវាំង ពីសំណាក់ឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់​ឆ្នាំង ព្រម​ទាំង​អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់គណ:កម្មការអាចារ្យវត្តទាំង២ផងដែរ ។

    ក្នុងកម្មវិធីបន្តនៃពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅទីអារាមទាំងពីរនេះ សម្តេចចៅហ្វាវាំងគង់ សំអុល និង ថ្នាក់ដឹកនាំមន្ត្រី​រាជការ​ក្រសួង​ព្រះបរម​រាជវាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងស្ថាប័នពាក់ព័ន្ធ ដែលមានសេចក្តីជ្រះថ្លាបំពេញកុសលផលបុណ្យជាមួយសម្តេចចៅហ្វាវាំងក្នុងឱកាសនោះ បាន​អញ្ជើញប្រគេនចង្ហាន់ ផ្លែឈើ លៀង ទេយ្យទាន និង បវរណាចតុបច្ច័យប្រគេនព្រះអនុគណស្រុកកំពង់ត្រឡាច ព្រមទាំងព្រះ​មន្ត្រីសង្ឃ​គង់នៅវត្តពានីមានចំនួន ២០ព្រះអង្គ និងប្រគេនចង្ហាន់ ផ្លែឈើ ទេយ្យទាន បវរណាចតុបច្ច័យប្រគេន ព្រះចៅអធិការ និងព្រះមន្ត្រី​សង្ឃ​គង់​នៅវត្តកុលម្ពវ័ន (ហៅវត្តតាកុល) មានចំនួន ១៨ព្រះអង្គ។ ក្រៅពីនេះ បានប្រគេនគ្រឿងបរិក្ខារបច្ច័យសម្រាប់វត្តទាំង២ ក្នុងវត្តនីមួយៗ មានអង្ករ​ចំនួន​៣០០គីឡូក្រាម ទឹកបរិសុទ្ធចំនួន១០កេស ទឹកក្រូចចំនួន ១០កេស មីចំនួន១០កេស ក្នុង១កេសស្មើ៣០កញ្ចប់ ត្រីខកំប៉ុងចំនួន ១០យួរ ក្នុង​១យួរស្មើ១០កំប៉ុង និង បច្ច័យសម្រាប់ការកសាងសមិទ្ធផលនានា ក្នុងទីអារាមនីមួយៗចំនួន ៥ ៥៥០ ០០០រៀល។

    សូមឧទ្ទិសនូវព្រះកុសលផលបុណ្យកើតឡើងពីសេចក្តីជ្រះថ្លារបស់សម្តេចចៅហ្វាវាំងគង់ សំអុល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រី​រាជការក្រសួង​ព្រះ​បរម​រាជ​វាំង និង ថ្នាក់ដឹកនាំក្នុងក្រសួង ស្ថាប័ន ដែលមានវត្តមានក្នុងពិធីបុណ្យកាន់បិណ្ឌដ៏ប្រពៃនេះ​ជូនដល់វិញ្ញាណក្ខ័ន្ធ បុព្វការីជន មាន​មាតា​បិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាត្តិការទាំង៧សន្តានរបស់លោក ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមបានទៅកាន់​ទីឋាន​ដ៏ខ្ពង់ខ្ពស់ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង