លោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជួបសំណេះសំណាល និងចែកសម្ភារសិក្សាដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។

លោក ហេង ពិទូ បានបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីបង្កើននូវភាពស្និទ្ធស្នាល និងក្តីស្រឡាញ់ ជាមួយប្អូនៗ កុមារកំព្រា ដែលរស់នៅគ្មានឪពុកម្តាយ សាច់ញាតិបងប្អូន ប៉ុន្តែសូមប្អូនៗត្រូវខិតខំតស៊ូព្យាយាមប្រឹងប្រែង ជំនះរាល់កាលំបាកទាំងនេះ តាំងចិត្តខិតខំរៀនសូត្រអោយក្លាយខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ដើម្បីអនាគតខ្លួនឯង និងចូលរួមចំណែកក្នុងការងារសង្គមជាតិ នាពេលខាងមុខ។

ជាមួយគ្នានោះ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានធ្វើការណែនាំពីវិធានការការពារពីជំងឺកូវីដ១៩ ដោយណែនាំអោយប្អូនៗត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងសំអាតដៃនិងសាប៊ូ អាល់កុល ជែលជាប់ប្រចាំ និងការដាក់គម្លាតឱ្យឆ្ងាយពីគ្នា។
គួរបញ្ជាក់ថា ក្នុងឳកាសនេះ លោក ហេង ពិទូ ក៏បានចែកអំណោយដល់កុមារកំព្រាចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបានឃីតចំនួន ១ ដែលក្នុង១ឃីត មានសៀវភៅ ៥ ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម និង ថវិកា ១០,០០០ រៀល។ ព្រមទាំងផ្តល់ជូនមណ្ឌលនូវអង្ករ ១០០គីឡូក្រាម, ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ កំប៉ុង ២យួរ ទឹកក្រូច៣កេះ ទឹកសុទ្ធ ៥កេះ និងអាកុលលាងដៃ ២០ ដប៕ 










