កំពង់ឆ្នាំង៖ យុវជនម្នាក់និងម្តាយ បានរងរបួសបាក់ដៃនិងជើង ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូបុកជាមួយគោយន្តកន្រ្តៃ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូ មួយខ្សែ ត្រង់ចំណុចភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា មុនពេលកើតហេតុស្ត្រីពីរនាក់ម្ដាយកូន បានជិះម៉ូតូមួយគ្រឿងឌុបគ្នាពីរនាក់ ធ្វើដំណើរត្រឡប់មកពីមន្ទីរពេទ្យបង្អែកខេត្ត ពេលមកដល់ចំណុចកើតហេតុ ក៏មានគោយន្តកន្រ្តៃមួយគ្រឿងសណ្ដោងរម៉ក បើកបរដោយឈ្មោះ តែម សារឿនអាយុ១៤ឆ្នាំ បានបត់ចូលតាមផ្លូវគ្រួសក្រហម។ខណៈនោះ ជនរងគ្រោះទាំងពីរនាក់ម្តាយនិងកូន វ៉ាក់នឹងគោយន្តកន្រ្តៃ គេចមិនផុត ក៍ត្រូវគោយន្តកន្រ្តៃបើកកិនពីលើម៉ូតូជនរងគ្រោះ បណ្តាលអោយនជនរងគ្រោះទាំងពីរនាក់ម្តាយនិងកូន ប៉ើងខ្ទាតចេញពីម៉ូតូ រងរបួសធ្ងន់បាក់ដៃនិងបាក់ជើងតែម្តង ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដោយឡែកអ្នកបើកបរគោយន្តកន្រ្តៃបានរត់គេចខ្លួន មធ្យោបាយបង្ករ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយជ្រុំដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។