កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភ:នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។អង្គសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ក្រុង ស្រុក លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង មន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អង្គភាពឈរជើង អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ វិស័យឯកជន ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចតាមការកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែកនិងផ្តល់កិច្ចសហការគាំទ្រធ្វើឲរដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលបាននូវសមិទ្ធផលធំៗ ថ្មីៗបន្ថែមទៀតលើគ្រប់វិស័យទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានអនុវត្តមុខងារដែលបានផ្ទេរពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការបង្ខិតសេវាសាធារណ:មកគៀកនឹងប្រជាពលរដ្ឋ ស្របតាមច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច លើលកម្ពស់ជីវភាពរស់នៅ ការងារសង្គមកិច្ច និង កាត់បន្ថយភាពក្រីក្រ ។
អង្គសន្និបាតបានបន្តធ្វើការពិភាក្សាឆ្លុះបញ្ចាំងនូវវឌ្ឍនភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តបញ្ហាប្រឈមបទពិសោធន៍ល្អៗ និង ដំណោះស្រាយ ដែលបានអនុវត្តរយះពេល១ឆ្នាំកន្លងទៅនេះដើម្បីដកបទពិសោធន៍សម្រាប់អនុវត្តបន្តឲបានល្អប្រសើរនាឆ្នាំខាងមុខ៕