កំពង់ឆ្នាំង ៖ នៅឆ្នាំ២០២៥នេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនជិត៥ពាន់នាក់ ដែលបានដាក់ពាក្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ។

លោកសុឹម ប្រឹម បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅនិងបំពេញវិជ្ជា ឆ្នាំសិក្សា២០២៤ ២០២៥នេះ នៅក្នុងខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡង ចំនួន៨ មណ្ឌលស្មើនឹង១៩៥បន្ទប់ បេក្ខជនដែលបានដាក់ពាក្យ មានចំនួន ៤ ៨៤៣នាក់ ក្នុងនោះស្រីចំនួន ២ ៨១៦ នាក់។

លោក ស៉ិម ប្រឹម បានបញ្ជាក់ថា ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៧មណ្ឌល គឺមណ្ឌលសាលាបឋមសិក្សាគំរូក្រុង,សាលាបឋមសិក្សាខ្សាមមា្សច័ន្ទលាភ,វិទ្យាល័យក្រុងកំពង់ឆ្នាំង,សាលាបឋមសិក្សាគិរីសុវណ្ណវង្ស,សាសាបឋមសិក្សាប៊ុនរ៉ានី ហ៊ុនសែន ព្រៃខ្មែរ,វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនរលាប្អៀរ ( ខាងកើត),និងវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ( ខាងលិច ) ។ មានបេក្ខជន ចំនួន ៣៩០២នាក់ ស្រីចំនួន ២ ១៩១នាក់ ។

ថ្នាក់វិទ្យាសាស្ត្រ មាន១ មណ្ឌល គឺមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រិត ក្រុងកំពង់ឆ្នាំង មានបេក្ខជន ចំនួន ៩៤១នាក់ ស្រី៦២៥នាក់ ។

លោក ស៉ិម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវត្រៀមលក្ខណៈជាមុន ដូចជាត្រូវរៀបចំសម្ភារសិក្សាសម្រាប់ប្រឡង កាតសម្គាល់ខ្លួនរបស់បេក្ខជន ថែទាំសុខភាព ត្រូវស្វែងយល់ និងគោរពបទប្បតិញ្ញ នៃការប្រឡងឲ្យបានខ្ជាប់ខ្ជួន ៕











