ផ្លូវ​ភ្ជាប់​ទៅ​កាន់​រមណីយ​ដ្ឋាន​ធម្មជាតិ​ចំនួន​៣ ក្នុង​ស្រុក​ទឹក​ផុស​បើក​ការ​ដ្ឋាន​ស្ថាប​នា​ ដោយ​ក្រាល​កៅ​ស៊ូ​ និង​​បេ​តុង​​

  • កំពង់ឆ្នាំង ៖ផ្លូវលំគ្រួសក្រហម៣ខ្សែប្រវែងជាង ៤១គីឡូម៉ែត្រ តភ្ជាប់ទៅកាន់រមណីយដ្ឋានធម្មជាតិ ចំនួន៣ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបាន​បើកការដ្ឋានស្ថាបនា ហើយ ដោយក្រាលកៅស៊ូប្រភេទ DBST និងក្រាលបេតុង ។ពិធីបើកការដ្ឋានស្ថាបនាផ្លូវ ទាំង៣ខ្សែនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្លូវទាំង៣ខ្សែនេះមានប្រវែងសរុប ចំនួន ៤១,១០ គីឡូម៉ែត្រ ក្នុងក្របខ័ណ្គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិនៅកម្ពុជា( CSLEP ) ដើម្បីតភ្ជាប់ទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់អន្លង់ស្វាយ និងទឹកធ្លាក់ស្រែអំពិល ក្នុងស្រុកទឹកផុស ។

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានសារៈសំខាន់បំផុត ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងជួយជម្រុញកំណើនភ្ញៀវទេសចរណ៍ កាន់តែច្រើនឡើងបន្ថែមទៀត ។

    ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ បានថ្លែងដោយគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព» ក្នុងគោលបំណងប្រែក្លាយតំបន់ជនបទនៃប្រទេសកម្ពុជា ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព តាមរយៈយុទ្ធសាស្ដ្រចំនួន ៥របស់ក្រសួង។

    ក្នុងនោះក្រសួង បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទពីផ្លូវក្រាលដីស និងផ្លូវល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងប្រកបដោយភាពធន់ ដើម្បីបង្កើនការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដូចពាក្យស្លោក «មានផ្លូវគឺមានក្តីសង្ឃឹម»។

    ឯកឧត្តម រដ្ឋមន្ត្រី បានប្តេជ្ញាចិត្តបង្កើនកិច្ចសហការ ជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការចូលរួមតភ្ជាប់ និងលើកកម្រិតផ្លូវជនបទទៅដល់តំបន់គោលដៅទេសចរណ៍ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ឱ្យក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង