កំពង់ឆ្នាំង ៖ នៅក្នុងឆ្នាំ២០១៩ គ្រោះអគ្គីភ័យក្នុងខេត្តកំពង់ឆ្នាំង បានកើតឡើងចំនួន២៣លើក មានកើនឡើង ចំនួន៦លើកបើប្រៀបធៀបនឹងឆ្នាំ២០១៨។ គ្រោះអគ្គីភ័យទាំងនោះ បានឆាបឆេះផ្ទះ សាលារៀន និងរថយន្ត បង្កអោយខូចខាតទ្រព្យសម្បត្តិជាច្រើន និងបង្កអោយមនុស្សចំនួន៣នាក់បានរងរបួស។ នេះបើតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងទទួលផែនបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅក្នុងទិវាជាតិបង្ការ និង ពន្លត់អគ្គិភ័យលើកទី៥ ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ។
លោកអភិបាលរង បានបន្ថែមថា បញ្ហាអគ្គីភ័យនេះ គឺទាមទារឲ្យប្រជាពលរដ្ឋ ត្រូវតែចូលរួមឲ្យបានគ្រប់គ្នាដើម្បីបង្ការទប់ស្កាត់ និងលុបបំបាតអគ្គីភ័យឲ្យបាន ជាពិសេសអង្គភាពជំនាញត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ គ្រឹះស្ថានសាធារណៈ និងឯកជន ត្រូវរៀបចំឲ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យ ដោយមានឧបករណ៍ សំភារៈបច្ចេកទេសអោយបានគ្រប់គ្រាន់ក្នុងការជួយជាបឋម ។
លោកអភិបាលរង ក៏បានអំពាវនាវដល់អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មភាពចូលរួមក្នុងចលនាបង្ការនិងពន្លត់អគ្គិភ័យក្នុងមូលដ្ឋាន។ជាពិសេស ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះដើមចមដែលអាចបង្កឲ្យកើតមានអគ្គិភ័យដូចជាភ្លើងចង្ក្រាន ចរន្តអគ្គិសនី ភ្លើងចង្កៀង ធូប ភ្លើងសំរាម ភ្លើងព្រៃ បារី រំសេវ កាំជ្រួច ប្រេងឥន្ធនៈ ។ ដោយឡែកអង្គភាពនគរបាលបង្ការនិងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល ត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់នូវរថយន្តពន្លត់អគ្គិភ័យ ដែលមានកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ត និងឧបករណ៍ សម្ភារ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គិភ័យនិងជួយសង្រ្គោះឲ្យបានទាន់ពេលវេលា ។