គិតត្រឹមរយៈពេល ៧ខែ ក្នុងឆ្នាំ២០២១នេះ ពោលគឺគិតចាប់ពីខែមករា ដល់ខែកក្កដា អាល់កុលក្លែងក្លាយ ប្រមាណជាង ៩៦តោន ត្រូវបានមន្រ្តីជំនាញធ្វើការអង្កេត ស្រាវជ្រាវ និងបង្ក្រាបពីឈ្មួញដែលបានដាក់ឱ្យចរាចរក្នុងទីផ្សារប្រទេសកម្ពុជា។ នេះបើតាមការអោយដឹងពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង បង្រ្កាបការក្លែបបន្លំនៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង បង្រ្កាបការក្លែបបន្លំនៃក្រសួងពាណិជ្ជកម្ម បានអោយដឹងទៀតថា ការដាក់លក់អាល់កុលក្លែងក្លាយ (មេតាណុល) ជូនប្រជានពលរដ្ឋសម្រាប់បាញ់សម្លាប់មេរោគ គឺជាការបំពានទាំងស្រុងទៅលើច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

មិនត្រឹមតែប៉ុណ្ណោះ ទង្វើនេះក៏បានរាំងស្ទះដល់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលដាក់ចេញដោយរាជរដ្ឋា ភិបាលកម្ពុជា ព្រោះអាល់កុលមេតាណុលពុំមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគឡើយ ហើយថែមទាំងធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទៀតផង។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង បង្រ្កាបការក្លែបបន្លំនៃក្រសួងពាណិជ្ជកម្ម ក៏សង្ឃឹម និងជឿជាក់ ថាអាជីវករទាំងអស់នឹងប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ ដើម្បីប្រទេសកម្ពុជាអាចរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ។











