មន្ត្រី​ជាន់​ខ្ពស់ក្រសួង​បរិស្ថាន លើក​​ឡើង​​៣​ចំនុច ដើម្បី​​ទទួល​​បាន​​ជោគជ័យ​ក្នុង​ការ​កាត់បន្ថយ​ការ​​ប្រើប្រាស់​​ថង់ប្លាស្ទិក

  • ត្បូងឃ្មុំ៖ «យុទ្ធនាការកាត់បន្ថយ​ការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តក​បរិស្ថាន» បានរៀប​ចំឡើងនា​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រុកអូ​រាំងឪ ខេត្តត្បូងឃ្មុំ ដោយ​មាន​ក្រសួង​​បរិស្ថាន​សហការ​ជាមួយ រដ្ឋបាលស្រុកអូររាំងឪ ។ នៅក្នុង«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន»នេះ ឯក​ឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខា​ធិការក្រសួងបរិស្ថាន​ បានលើកឡើង ៣ចំណុច​​​​ដើម្បី​ទទួល​បាន​​ជោគ​ជ័យ​​ក្នុងការ​កាត់​បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ។

    ៣ចំណុចនោះរួមមាន៖ ទី១ រដ្ឋាភិបាលទូទាំងពិភពលោក ត្រូវរួមគ្នាប្តេជ្ញាចិត្តក្នុងចូលរួមការកាត់បន្ថយ និងឈប់ប្រើប្រាស់​ថង់ប្លាស្ទិក ។ ទី២ រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ និងរួមគ្នាប្តេជ្ញាចិត្តក្នុងចូលរួមកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក ។ និងទី៣ ចាប់ផ្តើមពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការជួយពង្រឹង និង​ជំរុញ​ការផ្សព្វផ្សាយពីការកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក។

    ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងទៀតថា សំណល់ប្លាស្ទិកបានបង្កឲ្យមានគ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរដល់ ពិភពលោក សង្គមជាតិ គ្រួសារ និងកូនចៅជំនាន់ក្រោយ ​ដោយ​មូល​ហេតុ​ថាក្នុ​ង១ថ្ងៃ ប្រជាជនក្នុងពិភពលោកបានបង្កើតសំណល់សំរាម ក្នុងនោះ​សំរាមជាថង់ប្លាស្ទិក បាន​ហូរ​ចូលទៅក្នុងទន្លេ និងសមុទ្រ ធ្វើឱ្យហ្វូងមច្ឆាជាតិ និងពពួក​សត្វដែលរស់នៅ​ក្នុងសមុទ្រមានកា​របាត់បង់ ។

     

    ជាមួយគ្នានោះ ឯកឧត្តម ក៏បានចាត់ទុក យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក គឺបានឆ្លុះបញ្ចាំង​ពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក ចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថានឱ្យជៀសផុតពីភាពកខ្វក់ ដែលបណ្តាលមកពីសំណល់ប្លាស្ទិក ដើម្បីគាំពារសុខុមាលភាពប្រជាពលរដ្ឋ និងគុណភាពបរិស្ថានឱ្យល្អស្រស់បំព្រងជានិច្ច​សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។

    គួរបញ្ជាក់ថា «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន» រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់​បន្ថយ​សំណល់​ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការ​ផ្តល់ថង់ប្លាស្ទិក​ដោយមិនគិតថ្លៃដល់អតិថិជន និងចូលរួមចំណែក​លើកស្ទួយជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិត​ផលក្នុងស្រុក។

    តាមរយៈយុទ្ធនាការនេះ ឯកឧត្ដមគណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថានជូនអ្នក​ចូលរួមក្នុងអង្គពិធី ពិសេសបានចុះចែកជូនដល់ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារអូររាំឪ ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង