កម្ពុជា​នឹង​មាន​រោង​ចក្រ​ផលិត​ជី​ ក្នុង​ទំហំ​ទឹក​​ប្រាក់​២០​លាន​ដុល្លា​រ

  • កំពង់ឆ្នាំង ៖ កម្ពុជានឹងមានរោងចក្រផលិតជី ដែលមានគុណភាព ដោយត្រូវចំណាយទុន ក្នុងទំហំទឹកប្រាក់២០លានដុល្លារ ។នេះបើតាមការបញ្ជាក់ឲ្យដឹង របស់ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា ភូមិភាគ៧ ។

    នៅក្នុងឳកាសជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិនគរបាលរដ្ឋបាល នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ក្នុងវិស័យកសិកម្ម ឯកឧត្តមកំពុងតែរកដៃគូ ដើម្បីសាងសង់រោងចក្រផលិតជី ឲ្យមានគុណភាពល្អ ហើយតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ដល់កសិករ ដើម្បីប្រើប្រាស់ឱ្យមានគុណភាពល្អ និងចំណាយថវិកាតិច។

    ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី សង្ឃឹមយ៉ាងមុតមាំថា នៅដើមឆ្នាំ២០២៦ខាងមុខនេះ កម្ពុជានឹងមានរោងចក្រផលិតជីដោយខ្លួនឯង ដែលត្រូវចំណាយដើម​ទុនអស់ប្រម៉ាណជា២០លានដុល្លារ ។បច្ចុប្បន្នឯកឧត្តមបណ្ឌិត មានវ័យ៧០ឆ្នាំទៅហើយ តែដើម្បីចូលរួមបម្រើប្រជាជន ឯកឧត្តម បណ្ឌិតត្រូវតែលះបង់គ្រប់​បែបយ៉ាង បម្រើដល់ប្រជាជនយើង ឱ្យបានសម្រេច។

    ឯកឧត្តមបណ្ឌិត បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែមីនា មានជនជាតិជប៉ុនមួយក្រុម បានមកជួបពិភាក្សាជាមួយឯកឧត្តម ដោយពួកគេនឹងជួយបង្កើតជាមេជីធម្មជាតិសម្រាប់ជួយបង្កើនទិន្នផលផង សម្រាប់ការពារបរិស្ថានផង។ ចំណែករោងចក្រផលិតជីនេះ មិនអាចធ្វើតែមួយកន្លែងបាននោះទេ គឺត្រូវការជាច្រើនកន្លែង ពីព្រោះដើម្បីបម្រើជូនប្រជាពលរដ្ឋទូទាំងប្រទេស កុំឱ្យពិបាកដឹកឆ្ងាយ នាំឱ្យខាតបង់ថវិកាច្រើន។

    ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងនាយប៉ុស្តិនគរបាលរដ្ឋបាល ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយត្រូវបន្តជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសិវត្តិភាព និងការផ្តល់សេវ៉ាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង