កំពង់ឆ្នាំង ៖ អនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវិដ.19 របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំងយកមកធ្វើការផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កាលរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងឯកឧត្តម ផាន់ ច័ន្ទដារ៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ។ អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយនេះដែរ មានឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិ បាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេបញ្ជាការ មេបញ្ជាការរងផ្នែកសឹករងក្រុង ស្រុក អាវុធហត្ថក្រុង ស្រុក និង អធិការ អអិការរងក្រុង ស្រុកចូលរួមផងដែរ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអានខ្លឹមសារនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលមាន៧ជំពូក ២៣មាត្រា ។ ហើយការផ្សព្វផ្សាយអនុក្រឹត្យនេះគឺដើម្បីឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ ពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវិដ.19 សំដៅការពារអាយុវជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបញ្ចៀសឲ្យបានជាអតិបរិមា នូវផលប៉ះពាល់ដល់ផ្នែកសង្គម និង សេដ្ឋកិច្ច ។
នៅក្នុងជំពូកទី៥នៃអនុក្រឹត្យនេះ ពីមាត្រាទី៨ ដល់មាត្រាទី២០ លើកឡើងពីទោសបញ្ញតិនានា ដែលត្រូវអនុវត្តផងដែរ ។
ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា ការផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិ
បាលនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយបន្តជូនដល់មន្រ្តី របស់ខ្លួននិងផ្សព្វផ្សាយបន្តដល់ ប្រជាពលរដ្ឋ ពិសេសមន្រ្តី និង សមត្ថកិច្ចដែលជាអ្នកអនុវត្តផ្ទាល់ត្រូវតែដឹង និង យល់ឲ្យច្បាស់អំពីវិធាននានា នៅក្នុងអនុក្រឹត្យនេះ ហើយចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីសុខភាពប្រជាពលរដ្ឋ និង ទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ.១៩ នៅក្នុងមូលដ្ឋាន និង សហគមន៍របស់ខ្លួន ។
ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង មន្រ្តីជំនាញ ពង្រឹងការអនុវត្តឲ្យបានម៉ឺងម៉ាត់អំពីវិធានការរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង ត្រូវបន្តការផ្សព្វផ្សាយនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋនមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្នុងការទប់
ស្កាត់ នៃការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ មិនឲ្យចូលក្នុងសហគមន៍របស់ខ្លួនឡើយ ៕