កំពង់ឆ្នាំង៖ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយក្នុងខែរ៉ម៉ាឌន ឆ្នាំ២០២៥ របស់បងប្អូនខ្មែរឥស្លាម ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ក្នុងកម្មវិធីនោះដែរ មានការចូលរួមពីតំណាងសហគមន៍ដើម្បីពន្លឺសន្តិភាព និងសហការជាមួយអង្គការ DIGNITE CONFIRMATION OF PAY MENT ដែលប្រារព្ធធ្វើឡើងនៅភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានពលរដ្ឋចូលរួម ២០០គ្រួសារ ក្នុងនោះមកពីឃុំឈូកស ១៥៥គ្រួសារ ឃុំសែប ៥គ្រួសារ ឃុំច្រេស ៥គ្រួសារ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ៣០គ្រួសារ និងឃុំខ្នាឆ្នា ស្រុកសាមគ្គីមានជ័យ ៥គ្រួសារ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូក្រាម ប្រេងឆា ៥លីត្រ ស្ករសរ ៣គីឡូក្រាម ត្រីខ ៦កំប៉ុង មី ១០កញ្ចប់ អំបិល ១គីឡូក្រាម។

ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ ក៏បាននាំយកនាំយកថវិកាចំនួន ១,០០០,០០០រៀល ជួយឧបត្ថម្ភដល់សាលាបឋមសិក្សាជំទាវ ស្ថិតនៅភូមិជំទាវ ឃុំច្រេស ដើម្បីចូលរួមចំណែក ក្នុងការចាក់បេតុង ក្នុងរោងសម្រាប់សិស្សានុសិស្សបរិភាគអាហារពេលព្រឹក និងអញ្ជើញបន្តដំណើរចុះពិនិត្យការចាក់ដីធ្វើផ្លូវ នៅឃុំច្រេស ដោយក្នុងនោះ ឯកឧត្តម បណ្ឌិត បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល ដើម្បីចូលរួមចំណែកក្នុងការពង្រីកផ្លូវពី ៣តឹក ទៅ៣មែត្រផងដែរ។

ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ បានផ្ដាំផ្ញើដល់អាជ្ញាធរភូមិ-ឃុំ ត្រូវយកផ្លូវនេះធ្វើជាគំរូដល់ភូមិដទៃទៀត ៕



