កំពង់ឆ្នាំង ៖អាជ្ញាធរក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋស្តីពីការគ្រប់គ្រង និងប្រមូលថ្លៃសេវាសម្អាត និងដឹកជញ្ជូនសំរាម នៅក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ។

លោក សាន់ អូស្មាន អភិបាលរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនេះដើម្បីឲ្យប្រជាជាពលរដ្ឋបានយល់កាន់តែច្បាស់បន្ថែមទៀត ស្តីពីការគ្រប់គ្រង និងប្រមូលថ្លៃសេវាសម្អាត និងដឹកជញ្ជីនសំរាម នៅក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ។

លោកបញ្ជាក់ថា កន្លងមកការអនុវត្តមុខងារ ការគ្រប់គ្រងសំរាម សំណល់រឹង នៅមិនទាន់បានល្អ សមស្របតាមអនុក្រិត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥នៅឡើយ ។ដើម្បីរក្សាបាននូវសោភណ្ឌភាពអនាម័យ បរិស្ថាន ឲ្យកាន់តែប្រសើឡើងនោះ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនលូម៉ា (LUMA) និងក្រុមហ៊ុនប្រមូលសំរាមរិនផល្លា ក្នុងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹង នៅក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ក្រោមការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី( ADB ) ។

លោក សាន់ អូស្មាន អភិបាលរងក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់ម្ចាស់លំនៅដ្ឋាន ភោជនីយដ្ឋាន រោងចក្រ សហគ្រាស ផ្ទះសំណាក់ សណ្ឋាគារ ក្រុមហ៊ុន មណ្ឌលកំសាន្ត ពាណិជ្ជកម្ម សាលារៀន ផ្សារ ត្រូវចូលរួមសហការ និងអនុវត្តឲ្យមានប្រសិទ្ធភាព។ ធ្វើយ៉ាងណាឲ្យក្រុងកំពង់ឆ្នាំងទាំងមូលមានបរិស្ថានល្អ ៕











