កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន១១នាក់ ត្រូវបានក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង យកដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩ បន្ទាប់ពីបានរកឃើញថាមានពាក់ព័ន្ធនឹងបុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធដែលមានវិជ្ជមានកូវីដ១៩ ហើយបាន មកមើលកន្លែងចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន អោយដឹងទៀតថា បច្ចុប្បន្នក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីយកសំណាកមកធ្វើតេស្តនិងដាក់ពួកគាត់ឲ្យនៅធ្វើចត្តាឡីស័កដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។
លោកប្រធានមន្ទីរ ក៏អំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមមេត្តាចូលរួមទាំងអស់គ្នា ធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាសលាងដៃនឹងសាប៊ូ និងត្រូវអនុវត្ត ៣កុំ និង ៣ការពារឲ្យបានគ្រប់គ្រប់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យរាលដាលចូលក្នុងសហគមន៍របស់យើង។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃ២១ខែមីនា មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានយកសំណាកបុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធ ដែលមកពីទីក្រុងភ្នំពេញ បានធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលបានបង្ហាញនៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១នេះថា បុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធ គឺមានវិជ្ជមានកូវីដ១៩។២នាក់ប្ដីប្រពន្ធដែលមានវិជ្ជមានមេរោគកូវីដ១៩ខាងលើនេះ មានទីលំនៅផ្ទះលេខ ៩១ F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គាត់ទាំង២នាក់ បានមកមើលកន្លែងចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីទទួលបានព័ត៌មានថា ប្អូនគាត់ជាអ្នកបើកបររថយន្តរបស់គាត់មានវិជ្ជមានកូវីដ១៩ គាត់និងប្រពន្ធក៏សម្រេចចិត្តយកសំណាកមកពិនិត្យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ គឺបន្ទាប់ពីយកសំណាកហើយគាត់បានត្រឡប់ទៅភ្នំពេញវិញ ដោយមិនមានចុះពីរថយន្តនៅតាមផ្លូវនោះឡើយ ។