មុនមួយថ្ងៃនៃទិវារំលឹកខួបលើកទី៤១ នៃទិវាជ័យជម្នះ៧ មករា ដែលជាថ្ងៃដែលប្រទេសកម្ពុជាត្រូវបានរំដោះរួចផុតពីរបបខ្មែរក្រហមនោះនៅ ព្រឹកថ្ងៃទី០៦ ខែមករានេះ សមាជិក សមាជិកា ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ បានមក ប្រមូលផ្តុំគ្នា ធ្វើពិធីគោរពវិញ្ញាក្ខន្ធ ឧទ្ទិសកុសល ជូនជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមការជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ការរៀបចំពិធីគោរពវិញ្ញាក្ខន្ធ ឧទ្ទិសកុសល ជូនជនរងគ្រោះ និងអតីត យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនេះ មានគោលដៅដើម្បីជាការចងចាំ ក៏ដូចជារំឭក ដល់តម្លៃ ជីវិត និងការរស់រានមាន ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាសារជាថ្មី។
តាមឯកសារជនរងគ្រោះដែលត្រូវបានគេយកមកសម្លាប់នៅវាលពិឃាដជើងឯក មានចំនួនប្រមាណជិតពីរម៉ឺននាក់ ក្នុងនោះរួមមានកសិករ មន្រ្តី ទាហាន បញ្ញវន្ត អង្គទូត ជនបរទេស ជាពិសេសកុមារ និងស្ត្រីជាដើម។ ជារៀងរាល់ឆ្នាំ អាជ្ញាធរ មន្ត្រីរាជការ ប្រជាពលរដ្ឋ តែងតែទៅប្រារព្ធពិធីបង្សុកូលរំលឹកវិញ្ញាណក្ខន្ធ ជូនដល់អ្នកដែលស្លាប់ក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត៕












