ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញការកោតសរសើរចំពោះទឹកចិត្តរបស់កម្មករ កម្មការនី ដែលបានមកបំពេញការងារជាធម្មតាតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយរក្សាសុខភាពនៅថ្ងៃនេះ ដើម្បីជួបជុំនៅពេលក្រោយ ។ ការកោតសរសើររបស់ឯកឧត្តម ចំពោះទឹកចិត្តរបស់កម្មករ កម្មការនីនេះ បានធ្វើឡើងក្នុងឳកាសអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ អឹម វ៉េ ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម បានផ្តាំផ្ញើដល់កម្មករ កម្មការនីទាំងអស់ ត្រូវចូលរួមថែទាំសុខភាពអោយបានល្អ ព្រោះថាជំងឺឆ្លងថ្មីនេះវាមានសភាពសាហាវមែន តែអាចការពារបាន ដោយអនុវត្តជាប្រចាំគឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត និង អនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល គឺមិនត្រូវជួបជុំគ្នា លាងសំអាតដៃនិងសាប៊ូឬអាល់កុល រក្សាគម្លាតក្នុងសង្គម ធ្វើដូចនេះបាននោះ យើងទាំងអស់គ្នាមិនអាចឆ្លងជំងឺនេះបានទេ ។
បើតាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានអោយដឹងដែរថា រហូតមកដល់នឹងពេលនេះ ពុំមានកម្មករកម្មការនីណាម្នាក់ដែលអវត្តមានគ្មានមូលហេតុនោះទេ គឺកម្មករ ទំាងអស់បានមកបំពពេញការងារធម្មតា ចំពោះកម្មករដែលអវត្តមានគឺមានចំនួនតិចបំផុត ដោយមានមូលហេតុសមស្រប ដូចជាលំហែមាតុភាពការងារ គ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាស ចំនួន២២ ដែលបានផ្តល់ការងារដល់កម្មករនិយោជិក ចំនួន៤ម៉ឺននាក់ និងសហគ្រាសធុនតូច មធ្យម សិប្បកម្ម ចំនួនសរុប២០៨៩មូលដ្ឋាន៕


