ទិវា​អន្តរ​ជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ័​ផ្លូវ​គោក​លើក​ទី១៩​ ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារព្វធ្វើនៅខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោក ។

    អញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ មានលោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត ។

    ទិវានេះប្រារព្វធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចតណ៍ និងដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឲ្យយល់ដឹងពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ឈានទៅលុបសកម្មភាព អាណាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជម្រុញការអនុវត្តច្បាប់ ឲ្យទទួលបានលទ្ធផលជវិជ្ជមាន ។

    ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ សម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានលើកឡើងពីបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កនូវផលវិបាកជាច្រើនដល់សង្គមជាតិ និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ក៏បង្ហាញក្ដីបារម្ភថា គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង អាចនឹងមានកំណើនខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធានការទប់ស្កាត់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវបង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមទិសដៅការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ​គោក ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងស្មើភាព សំដៅកាត់បន្ថយថែមទៀតនូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួន​ជន​រងគ្រោះ និងបទល្មើសចរាចរណ៍ ឱ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់​មានសុវត្ថិភាព។

    ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព ឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋាន ដើម្បីឱ្យមានការជ្រួតជ្រាបដល់គ្រប់វេទិកា គ្រប់សាលារៀន និងគ្រប់គ្រួសារ ត្រូវបង្កើនការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលក្រសួងបានដាក់ចេញ ត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតចំពោះបទល្មើស ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចវេសពីការដោះស្រាយតាមផ្លូវច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង