កំពង់ឆ្នាំង ៖លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បញ្ជាក់ថា អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្ម ដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ ។

លោក អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងឳកាសដែលលោក អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលបានប្រារព្វធ្វើ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។

លោក ឈឹម វុទ្ធា បានបញ្ជាក់ថា ប្រធានបទឆ្នាំនេះ« ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព » បានរំលឹកឲ្យយើងដឹងថា សន្តិភាពមិនអាចកើតមានបានដោយចៃដន្យនោះឡើយ ។សន្តិភាពត្រូវការព័ត៌មានដែលគួរឲ្យទុកចិត្ត ត្រូវការការសន្ទនាប្រកបដោយការគោរពគ្នា ត្រូវការការចូលរួមពីសាធារណជន និងត្រូវការប្រព័ន្ធផ្សព្វផ្សាយ ដែលឈរលើគោលការណ៍សុច្ចរិតភាព វិជ្ជាជីវ: និងការទទួលខុសត្រូវ ។

លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់សូមបន្តចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលមានគុណភាព សុច្ចរិតភាព និងគួរឲ្យទុកចិត្តដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ដោយត្រូវចូលរួមយ៉ាងសកម្ម ក្នុងតួនាទីជាសាក្សីនៃសន្តិភាព និងការនាំព័ត៌មានពិតជូនប្រជាពលរដ្ឋកម្ពុជា និងទៅកាន់ពិភពលោក ៕











