កំពង់ឆ្នាំង ៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងរដូវបិទនេសាទនេះ តម្លៃត្រីនៅលើទីផ្សារ មិនមានការឡើងថ្លៃឡើយ ដោយសារតែបច្ចុប្បន្នមានអ្នកចិញ្ចឹមត្រីច្រើន ។

លោក លី ឡា បញ្ជាក់ថា ដោយសាររដូវនេះជារដូវបិទការនេសាទបរិមាណត្រីធម្មជាតិមិនមានច្រើនទេ ពីព្រោះក្រៅពីឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារ មិនត្រូវបានអនុញ្ញាត្តឲ្យប្រើប្រាស់ដើម្បីចាប់ត្រីឡើយ ។ ពីមុនពេលចូលដល់បិទនេសាទ ត្រីតែងតែឡើងថ្លៃ ប៉ុន្តែបច្ចុប្បន្នត្រីមិនមានការឡើងថ្លៃទៀតនោះឡើយ ។ ដោយសារមានអ្នកចិញ្ចឹមត្រីច្រើន ហើយពួកគាត់ភាគច្រើន តែងតែចាប់ត្រីលក់ នៅក្នុងរដូវបិទនេះ ។

អ្នកលក់ត្រី នៅផ្សារលើ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនពេលបិទនេសាទ និងកំពុងបិទនេសាទនេះ តម្លៃត្រីនៅធម្មតា មិនមានការឡើងថ្លៃទេ ដោយសារត្រីចិញ្ចឹមមានលក់ច្រើន គ្រាន់តែត្រីធម្មជាតិ ថ្លៃខ្ពស់ជាងត្រីចិញ្ចឹមបន្តិច ។ហើយតម្លៃត្រី មានការឡើងចុះតិចតួច ទៅតាមថ្ងៃត្រីសម្បូរ និងមិនសូវសម្បូរ ។ ចំពោះតម្លៃត្រីនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ត្រីឆ្កោកតម្លៃ ២៥ ០០០រៀល ត្រីច្រកែង ១៥ ០០០ រៀល ត្រីឆ្ពិន១៣ ០០០ រៀល ត្រីប្រាធម្មជាតិ ១៥ ០០០រៀល ត្រីប្រាចិញ្ចឹម ១០ ០០០ រៀល ត្រីឆ្តោចិញ្ចឹម១៣ ០០០ រៀល និងត្រីឆ្តោធម្មជាតិ តម្លៃ ២៥ ០០០ រៀល។

លោក លី ឡា បានអំពាវនាវទៅកាន់ប្រជានេសាទទាំងអស់ សូមកុំប្រើឧបករណ៍នេសាទហាមឃាត់ ជាពិសេសនៅក្នុងរដូវបិទនេះ ។ហើយងាកមកនាំគ្នាចិញ្ចឹមត្រីឲ្យបានច្រើន ដើម្បីកាត់បន្ថយ ការចាប់ត្រីធម្មជាតិ ៕

