កសិករ​​នៅ​​ក្នុង​​សង្កាត់​​ផ្សារ​​ឆ្នាំង​​កំពុង​​មមា​​ញឹក​​ក្នុង​​ការ​​ដាំ​​បន្លែ​​ ក្រោយ​​ពី​​ទឹក​​ទន្លេ​​ចាប់​​ផ្តើម​​ស្រក​​​​

  • កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការដាំដុះ ដំណាំបន្លែស្លឹក ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក្រោយពីទឹកទន្លេចាប់ផ្តើមស្រក ។

    ប្រជាកសិករបានឲ្យដឹងថា បន្លែដែលពួកគាត់ដាំ មានស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ជាពិសេសបន្លែស្លឹកដោយសារតែដីនៅទីនេះ អំណោយផលទៅលើបន្លែប្រភេទនេះ ។ ម្យ៉ាងទៀតបន្លែស្ពៃងាយស្រួលដាំ ប្រើរយះពេលតែជាង២០ថ្ងៃអាចប្រមូលផលបាន ។

    កសិករបានឲ្យដឹងទៀតថា ក្នុងមួយរដូវដាំបានតែ២ដងទៅ៣ដងប៉ុណ្ណោះ ហើយនៅឆ្នាំនេះអាកាសធាតុអំណោយផលល្អ មិនសូវមានសត្វល្អិតស៊ីបំផ្លាញ ធ្វើឲ្យដំណាំបន្លែរបស់ពួកគាត់ដុះលូតលាស់បានល្អ ។  សម្រាប់ទីផ្សារវិញ មិនពិបាកលក់ទេ ដល់ពេលប្រមូលផល មានឈ្មួញចុះមកទិញដល់ចំការតែម្តង ប៉ុន្តែឆ្នាំនេញតម្លៃធ្លាក់ចុះជាងឆ្នាំមុន ។

    លោកងិន ហ៊ុន ប្រធានមន្ទីរកសិលម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ប្រជាកសិករនៅខេត្តកំពង់ឆ្នាំងភាគច្រើនដាំបន្លែដូចជា ត្រសក់ សណ្តែកគួ សាលាដ ស្ពៃគ្រប់មុខ ល្ពៅ ត្រឡាច ននោង ខ្ចឹមយកស្លឹកនិងដើម។ហើយក្នុង១ថ្ងៃកសិករអាចនាំចេញបន្លែទៅកាន់រាជធានីភ្នំពេញចំនួនពី១៥តោន ទៅ ២០តោន ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា កន្លងទៅនេះ មន្ទីរកសិកម្មខេត្ត បានបញ្ជូនមន្ត្រីជំនាញចុះជួយជាបច្ចេកទេសដាំដុះ និងផ្ទះសំណាញតាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រអាកាសធាតុ(ASPIRE)ចំនួន២៦ ខ្នង ។

    គួបញ្ជាក់ថា ការដាំដុះដំណាំបន្លែលក់របស់កសិករនៅក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង បានជួយបង្កើនសេដ្ឋកិច្ចគ្រួសារ របស់ពួកគាត់បានមួយចំណែកផងដែរ ពិសេសនៅក្នុងដំណាក់កាលដែលកំពុងទទួលរងផលប៉ះពាល់ នៃចំងឺកូវីដ១៩នេះ  ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង