​​​កសិករ​​​នៅខេត្ត​​កំពង់​​ឆ្នាំង​​ លោកស្​រី​ ប៊ូ​ សុភី​ ៖ កា​រ​​ដាំ​​ដំ​​ណាំ​​ឆ្លាស់គ្នា​​​ច្រើន​មុខនិ​ងការ​​ចិញ្ចឹម​សត្វ​​ បាន​ធ្វើ​ឲ្យ​​ជីវ​​ភាព​របស់​​ខ្ញុំមា​ន​​​​ភា​​ព​​ប្រ​​​សើរ​​ឡើង​​​

កំពង់ឆ្នាំង៖ លោកស្រី ប៊ូ សុភី ជាកសិករគំរូមួយរូបនៃគម្រោងSUCRA របស់កម្មវិធីASPIRE ស្ថិតនៅភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកស្រី សុភី សព្វថ្ងៃជាកសិករប្រកបរបរកសិកម្មចម្រុះលើផ្ទៃដីជាងកន្លះហិកតាដោយប្រើកំលាំងពលកម្មតែពីរនាក់ប្តីប្រពន្ធ និងមានកូនបីនាក់ស្ថិតក្នុងបន្ទុកដែលពួកគេកំពុងនៅសិក្សានៅឡើយនោះ។

ក្រោមការជួយជ្រោមជ្រែងពីគម្រោងSUCRA គ្រួសាររបស់លោកស្រីប៊ូ សុភី គឺធ្វើកសិកម្មតាមបែបកសិកម្មចម្រុះដោយប្រើប្រាស់នូវផ្ទៃដីទាំងមូលអោយអស់លទ្ធភាពតាមរយៈការជីកស្រះចិញ្ចឹមត្រី ស្រះចិញ្ចឹមកង្កែប រោងចិញ្ចឹមមាន់ទា រោងចិញ្ចឹមគោ និងដីមួយផ្នែកទៀតគឺពួកគាត់មានដាំជាឈើហូបផ្លែហើយមានទាំងដាំបន្លែជាច្រើនមុខផងដែរ។

បើតាមការបញ្ជាក់របស់លោកស្រី ប៊ូ សុភី បានឲ្យដឹងថាដំណាំដែលគាត់ដាំចែកជាពីរប្រភេទគឺប្រភេទដំណាំឲ្យផលរយៈពេលខ្លីនិងដំណាំឲ្យផលរយៈពេលវែង។ ដំណាំទាំងនោះរួមមានដូង ស្វាយ ម្កាក់ ត្របែក ចេក ល្ហុង ឬស្សីផ្អែម ជំពូរ មាន ព្រីង និងក្រសាំងជាដើមហើយដោយឡែកដំណាំដែលអាចឲ្យផលជូនគ្រួសារគាត់ក្នុងរយៈពេលខ្លីហើយជាដំណាំដាំបែបវិលជុំផងនោះគឺមានដូចជាត្រសក់ សណ្តែកកួរ ត្រឡាច ឪឡឹក ននោង ល្ពៅ ត្រប់ ស្លឹកគ្រៃ ខ្ទឹមស្លឹក ជីគ្រប់មុខ ម្ទេស ភ្លៅកង្កែប ម្រះ ស្ពៃគ្រប់មុខ និងខាត់ណាជាដើម។

លោកស្រី ប៊ូ សុភី បានបន្ថែមថា ការដាំដំណាំឆ្លាស់គ្នាច្រើនមុខនិងការចិញ្ចឹមសត្វផងនោះគឺបានធ្វើឲ្យជីវភាពរបស់គាត់មានភាពប្រសើរឡើងដោយមួយថ្ងៃគាត់អាចរកចំណូលបានជាប្រចាំចន្លោះពី៥០០០០រៀល ទៅ ៦០០០០រៀល។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង