កំពង់ឆ្នាំង ៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអំពាវកុំឲ្យប្រជានេសាទ ប្រើប្រាស់ឧបករណ៍ខុសច្បាប់ នៅក្នុងរដូវបិទនេសាទនេះ ។

លោក លី ឡា បញ្ជាក់ថា ប្រជានេសាទមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ មិនត្រូវចូលទៅនេសាទត្រី នៅក្នុងដែនអភិរក្ស ដែលជាកន្លែងរក្សាទុកត្រីមេពូជសម្រាប់បន្តពូជ ហើយងាកមកនាំគ្នាចិញ្ចឹមត្រីឲ្យបានច្រើន ដើម្បីកាត់បន្ថយការចាប់ត្រីពីដែនទឹកធម្មជាតិ ។

លោក លី ឡា បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងរដូវបិទនេសាទឆ្នាំនេះ ក៏ដូចជារដូវបិទនេសាទនាឆ្នាំកន្លងទៅដែរ ភារៈកិច្ចសំខាន់ ដែលខណ្ឌរដ្ឋបាលជលផលត្រូវធ្វើនោះ គឺផ្តោតជាសំខាន់ទៅលើការផ្សព្វផ្សាយដល់ប្រជានេសាទ អំពីរដូវបិទនេសាទ ច្បាប់ស្តីពីជលផល រួមនឹងប្រកាសលេខ៤៥៨ របស់ក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ ស្តីពីការប្រើប្រាស់ឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារ ក្នុងតដូវបិទនេសាទ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្ត និងចុះទៅដល់មូលដ្ឋានភូមិ ឃុំជាក់ស្តែង ដើម្បីផ្សព្វផ្សាយជូនគាត់ រួមនឹងផ្សព្វផ្សាយ នៅតាមទីកន្លែងនេសាទ របស់ប្រជានេសាទផ្ទាល់ផងដែ ។

លោក លី ឡា បន្តថា នៅក្នុងរដូវបិទនេសាទនេះដែរ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានកំណត់យ៉ាងច្បាស់ នូវប្រភេទបទល្មើសសំខាន់ៗ ដែលត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបរួមមាន៖
១,ការនេសាទ ដោយដាក់របាំងកាត់ព្រែក ប្រឡាយ ចង្អូរ ពីព្រោះរយះពេលនេះត្រីបានធ្វើចរាចរណ៍ចូលទៅតាមបណ្តាបឹងព្រែក ដើម្បីពងកូន ។ ២,ការប្រើប្រាស់ឧបករណ៍ស្បៃមុង និងអួនក្រឡាញឹកចាប់កូនត្រីល្អិតៗ ដែលឧបករណ៍នេះ បានបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។ ៣,ការប្រើដាយត្រី ចាប់កូនត្រីម្សៅនៅតាមដងទន្លេ ពីព្រោះក្នុងរយះពេលនេះ កូនត្រីម្ស៉ៅ បានធ្វើចរាចរណ័ចុះពីទន្លេមេគង្គ ឆ្ពោះមកបឹងទន្លេសាប ដើម្បីធំធាត់ ។
សូមបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីកាលបរិច្ឆេទសម្រាប់រដូវបិទនេសាទ ឆ្នាំ២០២៣ នៅក្នុងដែននេសាទទឹកសាប ។ ដែលក្នុងនោះរួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ចាប់បិទពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ។
ដោយឡែក ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ ចាប់បិទពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ។
នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់អាចប្រើតែឧបករណ៍នេសាទលក្ខណៈគ្រួសារ ដែលមានចែង ក្នុងប្រកាសលេខ៤៥៨ ប្រកកសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ៕