កំពង់ឆ្នាំង៖ក្រោយពីបំពេញការងារដ៏មមាញឹករួចមក បងប្អូនច្បាស់ជាមានអារម្មធុញថប់ ចង់រកកន្លែងសម្រាកលំហែកាយនិងកំសាន្តអារម្មណ៍ជាដើម ដើម្បីបន្ថយភាពតានតឹងនាចុងសប្តាហ៍ ។

សួនកំសាន្តមួយកន្លែង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំេពញ និងទីរួមខេត្តកំពុងឆ្នាំងនោះ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនឲ្យមកសម្រាកលំហែអារម្មណ៍ បំបាត់អស់នូវទុក្ខកង្វល់ ។ ទីកន្លែងនោះមានឈ្មោះថា « ឬទ្ធិសែនលំហែកាយ » ។

ឬទ្ធិសែនលំហែកាយ លាតសន្ធឹងលើផ្ទែដីជាង២០ហិកតា ស្ថិតក្នុងភូមិប៉ាហុី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានចម្ងាយ៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានចម្ងាយ១៦គីឡូម៉ែត្រ ពីទឺរួមខេត្តកំពង់ឆ្នាំង ។

លោកម៉ាត់ អាហ្សីស ម្ចាស់សួនលំហែកាយឬទ្ធិសែន បានឲ្យដឹងថា សួនលំហែកាយឬទ្ធិសែន មានកន្លែងស្នាក់នៅ ជាផ្ទះបែបជនបទ កន្លែងសម្រាប់បោះតង់ កន្លែងហែលទឹក ជិះទូកកៃយ៉ាក់ បាញ់ធ្នូ ជិះកង់ ជិះម៉ូតូកង់៤ ស្ទូចត្រី ព្រមទាំងទទួលបាននូវអាហារឆ្ងាញ់បែបធម្មជាតិ កាហ្វេ និង ភេសជ្ជៈគ្រប់មុខ ។

លោកម៉ាត់ អាហ្សីស បានឲ្យដឹងទៀតថា ក្នុងម្នាក់ បងប្អូនចំណាយត្រឹមតែ១ដូល្លា ស្មើនឹង ៤០០០ រៀល ប៉ុណ្ណោះនឹងទទួលបានការហែលទឹកលេង នៅក្នុងអាងទឹកដ៏ធំទូលាយ អង្គុយទទួលទានអាហារ នៅតាមកញ្ចុះតូច ធំ ដោយមិនគិតថ្លៃ ហើយបងប្អូនក៏អាចយកម្ហូប អាហារ ដែលបងប្អូនចូលចិត្ត ពីខាងក្រៅបានផងដែរ។











