កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះ មានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគិរី នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ដោយបានធ្វើការរុះរើនិងបំផ្លាញចោល មានរបាំងស្បៃមុងចំនួន ១៨កន្លែង និងសម្រាស់១២កន្លែង ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃនេះ ( ១កុម្ភះ ) កម្លាំងសមត្ថកិច្ចចម្រុះចំនួន១៤នាក់ មធ្យោបាយកាណូតស្មាច់៤គ្រឿង បានចុះល្បាតនៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ដោយបានរកឃើញបទល្មើសរបាំងស្បៃមុង១៨កន្លែង ប្រវែង៩០០ម៉ែត្រលូស្បៃមុង២១មាត់,សម្រាស់១២កន្លែងទំហំ ១ ៨០០
ម៉ែត្រការ៉េ និងបង្គោល ចំនួន៤២០ដើម ។
លោក លី ឡា បញ្ជាក់ថាសមត្ថកិច្ចបានសម្រេចធ្វើការរុះរើនិងបំផ្លាញចោលនៅនឹងកន្លែងដោយឡែកត្រីចម្រុះចំនួន៨០គីឡូក្រាមត្រូវបានចាក់លែងទៅក្នុងដែនទឹកធម្មជាតិវិញ ៕











