កំពង់ឆ្នាំង ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ២០០នាក់ ដែលកំពុងបម្រើការងារ នៅរោងចក្រត្រីប៉ុសអ៉ីនធឺណេសិនណលខូអិលធីឌី ស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

លោកជំទាវបានថ្លែងកោតសសេីរ ដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំ ខេត្តដោយបានកែប្រែសោភណ្ឌភាពរបស់ខេត្តគួរឲ្យកត់សម្គាល់ ។ ដោយឡែកការជួបសំណេះសំណាលនេះ គឺជាការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែកទៀត ដូចជាតាមរយៈ ការផ្តល់នូវគោលនយោបាយគាំពារសង្គម ការគិតគូអំពី សុខុមាលភាពសង្គម ការតម្លេីងប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ កម្មការិនី ជាដេីម ។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្មួយៗកម្មករ កម្មការិនី ទាំងអស់ ដែលបានចំណាយពេលនៅថ្ងៃឈប់សម្រាកមកចូលរួមពិធីសំណេះសំណាលនាពេលនេះ និងបានផ្តាំផ្ញេីរដល់កម្មករ កម្មការិនីត្រូវចូលរួម ថែរក្សាសុខសន្តិភាព ។

ក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយចែកជូនដល់កម្មករ កម្មការិនី ចំនួន២០០ នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម ,ទឹកត្រី ១យួរ ,ទឹកស៉ីអ៉ីវ ១យួរ ,ត្រីខ ១យួរ និង ថវិកាចំនួន២ម៉ឺនរៀល ។

នៅក្នុងឳកាសនោះ ក៏មានការរៀបចំពិសារអាហារថ្ងៃត្រង់រួមគ្នា ក្នុងបរិយាកាស សិ្នទ្ធស្នាលជាទីបំផុត ៕











