បណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ចំនួន​ ៥ ៨៨៥​បណ្ណ ​ត្រូវ​បាន​ចែក​ជូន​ប្រជា​ពល​រដ្ឋ​៦​ភូមិ​ ក្នុង​ឃុំ​ពោធិ​ ស្រុក​កំ​ពង់​លែង​

  • កំពង់ឆ្នាំង ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( បណ្ណកម្មសិទ្ធិដីធ្លី )ចំនួន៥ ៨៨៥ បណ្ណត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ៦ភូមិ ក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានថ្លែងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់នូវសុវត្តិភាពក្នុងការកាន់កាប់ដីធ្លី និងធ្វើឲ្យម្ចាស់ដីស្របច្បាប់មានសន្តិភាពផ្លូវចិត្ត ព្រមទាំងទប់ស្កាត់បានការបង្ករជម្លោះរឿងដីធ្លីផងដែរ ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ បានថ្លែងនូវអំណរគុណចំពោះ មន្ត្រីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញទាំងអស់ ដែលជាប្រតិបត្តិករផ្ទាល់ ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយ និងកម្លាំងចិត្តយ៉ាងមមាញឹក និងមិនខ្លាចនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញឲ្យការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានឆាប់រហ័ស ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងមានក្រុមការងារចុះបញ្ជីដីធ្លីចំនួន ១១ក្រុម ។សម្រេចចុះបញ្ជីនិងវាស់វែងក្បាលដីបានចំនួន៦១៦ ៩៧១ក្បាលដី ស្មើនិងជាង៩៥ភាគរយ ។ បានបញ្ចប់ការ បិទផ្សាយបានចំនួន ៣៣៤ ៣៣៩ ក្បា លដីស្មើនឹង ជាង៥០ភាគរយ និងបានចេញបណ្ណបានចំនួន ៣១៥ ៩៧៣ បណ្ណ ។

     

    ឯកឧត្តម បានឲ្យដឹងទៀតថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវចែកជូនប្រជាពលរដ្ឋនៅឃុំពោធិ៍ ស្រុកកំពង់លែងនាពេលនេះមានចំនួន៥ ៨៨៥បណ្ណ ស្មើនឹង ៣០២៦គ្រួសារ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង