អាជ្ញាធរ​ខេត្តកំពង់​ឆ្នាំង​ នឹងជួសជុល​ផ្លូវ​ទៅកា​ន់រមណី​យដ្ឋាន​ទឹកធ្លាក់ថ្មក្រាល ក្នុងពេ​លឆាប់​ៗខាង​មុខនេះ

  • កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងចុះជួសជុលផ្លូវទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល នៅស្រុកទឹកផុស នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ឲ្យបានឆាប់រហ័សនិងកាន់តែងាយស្រួលជាងមុន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវ ណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

    ឯកឧត្តម អភិបាលខេត្ត បានបន្តថា នាថៃ្ងអនាគត តាមរយៈគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរខេត្ត នឹងប្រែក្លាយផ្លូវមួយខ្សែនេះទៅជាផ្លូវកៅស៊ូផងដែរ។

    សូមរម្លឹកថា បច្ចុប្បន្នផ្លូវទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល បានរងការខូចខាតជាច្រើនកន្លែងនៅក្នុងរដូវវស្សានេះ ។ ក្រោមឥទ្ធិពលនៃជំនន់ទឹកភ្លៀង ក៏បានហូរដាច់ផ្លូវមួយកន្លែងផងដែរ ដោយអាជ្ញាធរបានធ្វើស្ពានឈើអោយអ្នកទេសចរឆ្លងបណ្តោះអាសន្ន។

    ជាមួយគ្នានេះ នៅក្នុងឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ស្ពានឈើនេះក៏បានបាក់ខូចខាតធ្វើអោយអ្នកទេសចរណ៍ឆ្លងត្រលប់មកវិញមិនរួច ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និង មន្ត្រីមួយចំនួនទៀត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ដោយផ្ទាល់ដើម្បីជួសជុលស្ពានភ្លាមៗ ចម្លងភ្ញៀវទេសចរណ៍ ត្រឡប់មកវិញ ។

    គួរបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅក្នុងភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានចម្ងាយ ២៨ គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុសនិងប្រមាណជា៥០គីឡូម៉ែត្រភាគខាងលិច នៃទីរួមខេត្តកំពង់ឆ្នាំង និងចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង