កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានក្រើនរំលឹកដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា មន្ត្រីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសនេសាទ បញ្ហាក្មេងទំនើង និងករណីគ្រោះថ្នាក់ចរាចរណ៍ ។

ជាមួយគ្នានេះត្រូវត្រៀមលក្ខណៈអន្តរាគមន៍ ឆ្លើយតបជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ឲ្យបានទាន់ពេលវេលា ៕ ហឹង ចូច











