ឯក​ឧត្តម ខៀវ កា​ញារីទ្ធ ដឹក​នាំប្រតិភូក្រសួង​ព័ត៌មានអញ្ជើញគោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម កិត្តិនី​តិកោស​បណ្ឌិត ងួន ញុិល អនុ​ប្រធានទី ១ រដ្ឋស​ភា

  • នាវេលាម៉ោង ៣ រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០ : ៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ ហើយសព ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសានា​នៅ​​​គេហដ្ឋាន​សព ស្ថិតក្នុងភូមិអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងត្រកូលកសិករ។ ឯកឧត្តម ចាប់ផ្ដើមបំពេញការងារដំបូងជាគ្រូបង្រៀននៅស្រុកសន្ទុក ខេត្តកំពង់ធំ នាឆ្នាំ១៩៦៤ និងជាបន្ទាប់បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាឥស្សរជននយោបាយជាន់ខ្ពស់ និងកាន់តួនាទីជាអនុប្រធានទី១ រដ្ឋសភារហូតដល់ទទួលមរណភាព។

    នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៃសពហើយក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងព័ត៌មាន ទាំងមូល មានសេចក្តីក្រៀមក្រំក្នុងចិត្តឥតឧបមា និងសោក ស្ដាយជាអនេក ដោយបានទទួលដំណឹងថា ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ត្រូវជាបិតា បានទទួល​មរណភាព ទៅហើយ ។

    មរណភាព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល គឺជាបាត់បង់នូវបិតា បិតាក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់ នៃសព ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ទាំងកម្លាំង កាយ ចិត្ត និងបញ្ញាស្មារតី ក្នុងការបីបាច់ថែរក្សាកូនចៅជាទីស្រឡាញ់ ពិសេសក៏ជាការ បាត់បង់នូវឥស្សរជន នយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលបានធ្វើពលីកម្មដ៏ធំធេងក្នុងការកសាងប្រទេសជាតិ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្នុងគ្រាដែលប្រទេសជាតិទើបរួចផុតពីរបបប្រល័យពូជសាសន៍ ជាពិសេសបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃ នៃនីតិរដ្ឋ ប្រកបដោយឧត្តមគតិខ្ពង់ ខ្ពស់បំផុត។

    ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងព័ត៌មានទាំងមូល សូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមបួងសួង ឲ្យវិញ្ញាណក្ខ័ន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល ជាទីគោរព បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

    តាមកម្មវិធីបុណ្យ សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នឹងត្រូវដង្ហែរចេញពីគេហដ្ឋានឆ្ពោះទៅកាន់ភូមិកំណើត ភូមិត្រពាំងជ្រៃ ឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង