កំពងឆ្នាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អមដំណើរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ នៃក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យអំពីដំណើរការសាងសង់ផ្លូវលេខ៥០C២ ភ្ជាប់ពីឃុំផ្លូវទូក មកឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង បានអោយដឹងថា ផ្លូវដែលកំពុងដំណើរការសាងសង់ដោយក្រុមកងវិស្វកម្មសម្តេចឪនេះ ជាផ្លូវជាតិលេខ៥០C២ មានប្រវែង១៥គីឡូម៉ែត្រ ភ្ជាប់ពីឃុំផ្លូវទូក មកឃុំច្រណូក ស្រុកកំពង់លែង ដែលជាព្រះរាជអំណោយ ព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្លូវជាតិលេខ៥០C២ នេះគឺជាផ្លូវដែលមានសារៈប្រយោជន៍ខ្លាំងបំផុត ក្នុងការធ្វើចរាចរណ៍និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋពីតំបន់ដាច់ស្រយាល មកកាន់ទីផ្សារ នៅក្នុងរដូវប្រាំង ។ ហើយនៅពេលប្រជាពលរដ្ឋ មានជំងឺឈឺថ្កាត់ផ្សេងៗ អាចធ្វើដំណើរបានឆាប់រហ័ស មកកាន់មណ្ឌលសុខភាព។ នេះជាប្រវតិ្តសាស្រ្តសម្រាប់ប្រជាពលរដ្ឋអ្នករស់នៅឃុំផ្លូវទូក ដែលអាចធ្វើដំណើរតាមផ្លូវគោកពីឃុំផ្លូវទូកមកដល់ស្រុកកំពង់លែងបាន ។
លោកសំ ចាន់ថន បានអោយដឹងទៀតថា កន្លងមកផ្លូវនេះ ជារទេះពិបាកក្នុងការធ្វើដំណើរ ដែលភាគច្រើនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទឹក ដែលនៅរដូវប្រាំងជួបបញ្ហា កំប្លោកនៅជិតផ្លូវទឹកមិនអាចធ្វើដំណើរបានស្រួលនោះទេ ។
នៅក្នុងឱកាសនោះសម្តេចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំពោះក្រុមការងារកងវិស្វរកម្មសម្តេចឪ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត ចុះមកបំពេញការងារសាងសង់ផ្លូវលេខ៥០C២ ជូនប្រជាពលរដ្ឋនៅតំបន់ដែលជួបការលំបាកនេះ ។
សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ផ្តាំផ្ញើរដល់ក្រុមការងារកងវិស្វកម្មសម្តេចឪ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំ គឺហូបស្អាត ផឹកស្អាត និង រស់នៅស្អាត និង ខិតខំបំពេញភារកិច្ចដោយយកចិត្តទុកដាក់ ដើម្បីអោយដំណើរការ សាងសង់ផ្លូវ១ខ្សែនេះបានឆាប់រួចរាល់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។
នៅក្នុងឱកាសនោះដែរ សម្តេចបានផ្តល់ជូនថវិកា ភេសជ្ជៈ ទឹកបរិសុទ្ធ ដល់ក្រុមការងារកងវិស្វកម្មដែលកំពុងបំពេញការងារស្ថាបនាផ្លូវនេះផងដែរ ។