អភិ​បាល​រង​ខេត្ត​កំពង់​ឆ្នាំង​ ណែ​នាំ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​និង​អាជ្ញា​ធរ​យក​ចិត្ត​ទុក​ដាក់​ជម្រុញ​ ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិ​ភាព​

  • កំពង់ឆ្នាំង ៖លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជម្រុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្តិភាពសង្គមឲ្យបានល្អប្រសើរ នៅគ្រប់មូលដ្ឋាន ។

    លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាលើផែនការសកម្មភាព សំដៅគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព នាព្រឹកថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤ ។

    លោក ស្រ៊ន សំឬទ្ធី បានមានប្រសាសន៍ថានៅក្នុងឳកាស នៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យដុតផាវ ដុតកាំជ្រួច ឬឧបករណ៍ផ្សេងៗ ដែលបង្កឲ្យមានសំឡេងផ្ទុះ ជាហេតុបង្កឲ្យមានការប៉ះពាល់ដល់សន្តុសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម ។ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី ប្រេងឥន្ទនៈ ហ្គាស់ និងការដុតទៀនធូប ឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង ។

    លោក អភិបាលរងខេត្ត បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដើម្បីមន្ត្រីយកទៅអនុវត្តដែលក្នុងនោះត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ គ្រឿងញៀន ល្បែងស៊ីសង ព្រមទាំងបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធិភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង