កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃសុក្រ ២រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព ស ២ ៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣បានរៀចំធ្វើពិធីសូត្រមន្តចំរើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តនិងមន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ពិធីនេះបានប្រារព្វធ្វើតាមទំនាមទម្លាប់ ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត ជយន្តោសិរីសួស្តី ជ័យមង្គលកើតមានដល់ប្រជាពលរដ្ឋមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ។

ឯកឧត្តម អភិបាលខេត្តនិងលោកជំទាវបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ ក្នុងខេត្តទាំងអស់សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឲ្យមានការរីកចម្រើនបន្ថែមទៀត ៕




