រយះ​ពេល​ជាង​១០​ឆ្នាំ​ ស៊ី​ម៉ាក់​បាន​ផ្តល់​ការ​ហ្វឹក​ហ្វឺន​ដល់​មន្ត្រី ​សិក្ខា​កាម​អន្តរ​ជាតិ​លើ​វិស័យ​សកម្មភាព​ម៉ីន​ បាន​ជាង​៧០០​នាក់​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់ កម្ពុជា បានថ្លែងឲ្យដឹងថា រយះពេលជាង១០ឆ្នាំកន្លងមកនេះអង្គភាពស៊ីម៉ាក់បានផ្តល់ការហ្វឹកហ្វឺន ដល់មន្ត្រី សិក្ខាកាមអន្តរជាតិ លើវិស័យសកម្មភាពម៉ីន បានជាង៧០០នាក់ ។

    ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមូលដ្ឋានគ្រឹះ បច្ចេកទេសបោសសំអាតម៉ីន ជំនាន់ទី២ ដល់បុគ្គលិកបច្ចេកទេសរបស់អង្គការអាប៉ូប៉ូ ( APOPO ) នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។

    ឯកឧត្តម អគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា អង្គភាពស៊ីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនដល់មន្ត្រី សិក្ខាកាមអន្តរជាតិ លើវិស័យសកម្មភាពម៉ីនអស់រយះពេលជាង ១ទស្សវត្យកន្លងមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១០​មកម្លេះ។ក្នុងនោះអង្គភាពស៊ីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមអន្តរជាតិ ចំនួនប្រមសណជាង៧០០នាក់។ ដែលសិក្ខាកាមទាំងនោះមកពី ប្រទេសកូឡំប៊ី អង់ហ្គោឡា អ៊ីរ៉ាក់ ឡាវ ភូមា នេប៉ាល់ និងប្រទេសអ៊ុយក្រែនជាដើម ។

    ឯកឧត្តម ហេង រតនា បានថ្លែងបន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់ បំផុតដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកទេសថ្មីៗ ក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងបំពេញការងារ ជាក់ស្តែងរបស់ខ្លួននៅចំការមីន ។

    លោក ធៀម សុភាព នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន បានឲ្យដឹងថា វគ្គនេះមានគោលបំណងពង្រឹងសមត្ថភាពដល់សិក្ខាកាម ទៅលើការដាក់ស្លាកចំការមីន និងការប្រើប្រាស់ម៉ាស៊ីនរាវមីន ដែលគាំទ្រក្នុងកិច្ចប្រតិបត្តិការបោសសំអាតមីន ។ វគ្គនេះមានរយះពេល ៣សប្តាហ៍ និងមានសិក្ខាកាមចំនួន១៣នាក់ ក្នុងនោះមកពីប្រទេសអ៊ុយក្រែនចំនួន ១០នាក់ ជាស្ត្រី ប្រទេសកូឡំប៊ី ចំនួន២នាក់ ជាស្រ្តី និងមកពីប្រទេសហ្សកដង់ ចំនួន១នាក់ ប្រុស ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង