កំពង់ឆ្នាំង៖ ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង ដែលសាង់សង់លើផ្ទៃដីប្រមាណជាង១០ហិកតា ស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នឹងសាងសង់រួចរាល់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងឳកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា គម្រោងសាងសង់ទីលានចាក់សំរាមនេះ គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០។
ឯកឧត្ដម បានអោយដឹងទៀតថា គម្រោងសាងសង់ទីលានចាក់សំរាមទាំងមូល រួមមាន កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាលអណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូរបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់គម្រោងដ៏មានសារៈសំខាន់នេះដល់ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជន ធានាបានសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៕
អត្ថបទ៖ និវឌ្ឍន៍ , រូបភាព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង













