កំពង់ឆ្នាំង៖ទូកឈ្មោះទេពធីតាសែនជ័យ បារមីជំទាវទេព ជាទូកវត្តទេពធីតារាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង បានការឧបត្ថម្ភពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ នៅមុនពេលចេញទៅចូលរួប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខាងមុខព្រះបរមរាជវាំង នាពេលខាងមុខ ។

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ រួមមានអង្ករចំនួន ៣៧៥ គីឡូក្រាម មី១០កេស ត្រីខកំប៉ុង១០យួរ ទឹកត្រី៨យួរ ទឹកស៊ីអីវ៨យួរ ទឹកបរិសុទ្ធ៣៥យួរ និងថវិកា ចំនួន ៣ ៣០០ ០០០ រៀល ប្រគល់ជូនដល់គណកម្មការទូកផងដែរ ។

ទូកឈ្មោះទេពធីតាសែនជ័យ បារមីជំទាវទេព ជាទូករបស់វត្តទេពធីតារាម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ជាប្រភេទទូកចែវបុរស ដែលមានប្រវែង២៩,៧៣ ម៉ែត្រ និងមានចំណុះជើងចែវចំនួន៤៦ជើងចែវ ។

នៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ គណកម្មការគ្រប់គ្រងទូក បានធ្វើពិធីក្រុងពាលី រំកិលចុះពីលើបង្គង ដង្ហែរចេញពីវត្តទេពធីតារាម ឆ្ពោះទៅកាន់ កំពង់ទឹកមាត់ទន្លេផ្សារក្រោម ដើម្បីធ្វើការហ្វឹកហាត់ ៕











